គម្ពីរសញ្ញាថ្មី

កិច្ចការ 19:33-41 Khmer Christian Bible (KCB)

33. ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​

34. ប៉ុន្ដែ​ពេល​ដឹង​ថា​ លោក​អ័លេក្សានត្រុស​ជា​ជនជាតិ​យូដា​ ពួកគេ​បាន​ស្រែក​ព្រម​គ្នា​អស់​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​

35. ក្រោយពី​លេខាធិការ​ក្រុង​បាន​ឲ្យ​បណ្ដាជន​នៅ​ស្ងៀមស្ងាត់​ គាត់​ក៏​និយាយ​ថា៖​ «បងប្អូន​អ្នក​ក្រុង​អេភេសូរ​អើយ!​ តើ​មាន​អ្នកណា​មិន​ដឹង​ថា​ អ្នក​ក្រុង​អេភេសូរ​ជា​អ្នក​ថ្វាយបង្គំ​ព្រះនាង​ឌីអាន​ដ៏​ឧត្ដុង្គ​ឧត្ដម​ និង​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​នោះ!​

36. ដូច្នេះ​ គ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ​ បងប្អូន​ត្រូវ​នៅ​ស្ងៀមស្ងាត់​ ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ

37. ដ្បិត​ពួក​អ្នក​ទាំង​នេះ​ដែល​បងប្អូន​បាន​នាំ​មក​ មិន​មែន​ជា​ចោរ​ប្លន់​ព្រះ​វិហារ​ ហើយ​ក៏​មិន​បាន​ប្រមាថ​ព្រះ​របស់​យើង​ដែរ​

38. ប៉ុន្ដែ​បើ​លោក​ដេមេទ្រាស​ និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់​មាន​បណ្ដឹង​នឹង​នរណា​ម្នាក់​ នោះ​សាលា​ក្ដី​មាន​ស្រាប់​ ហើយ​អស់​លោក​អភិបាល​ក៏​មាន​ដែរ​ ចូរ​ឲ្យ​គេ​ប្ដឹង​គ្នា​ចុះ​

39. ប៉ុន្ដែ​បើ​បងប្អូន​ចង់​បាន​អ្វី​លើស​នេះ​ នោះ​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់​

40. ដ្បិត​យើង​កំពុង​ស្ថិតនៅ​ក្នុង​គ្រោះថ្នាក់​ដែល​នឹង​ត្រូវ​គេ​ចោទ​ពី​បទ​បង្ក​ចលាចល​នៅ​ក្នុង​ថ្ងៃ​នេះ​ ព្រោះ​យើង​គ្មាន​មូលហេតុ​អាច​ដោះសា​អំពី​ការ​ប្រជុំ​នេះ​បាន​ទេ»។​

41. ពេល​និយាយ​ដូច្នេះ​រួច​ហើយ​ គាត់​ក៏​រំសាយ​ការ​ប្រជុំ។​

សូមអានជំពូកពេញលេញ កិច្ចការ 19