គម្ពីរសញ្ញាថ្មី

កិច្ចការ 19:19-30 Khmer Christian Bible (KCB)

19. ហើយ​ក៏​មាន​ពួក​អ្នក​ធ្វើ​មន្ដ​អាគម​ជាច្រើន​ បាន​ប្រមូល​ក្បួន​តម្រា​របស់​ពួកគេ​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា។​ តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​គិត​ជា​ប្រាក់​មាន​តម្លៃ​សរុប​ប្រាំម៉ឺន​កាក់​ប្រាក់​

20. ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ក៏​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ និង​យ៉ាង​មាន​អំណាច។​

21. ក្រោយ​ហេតុការណ៍​ទាំង​នេះ​ ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។​ គាត់​បាន​និយាយ​ថា៖​ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ហើយ​ ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»​

22. រួច​គាត់​ក៏​ចាត់​អ្នក​ជំនួយ​ការ​របស់​គាត់​ពីរ​នាក់​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​ គឺ​លោក​ធីម៉ូថេ​ និង​លោក​អេរ៉ាស្ទុស​ រីឯ​គាត់​បាន​ស្នាក់នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​

23. ហើយ​នៅ​គ្រា​នោះ​ កើតមាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​

24. ដ្បិត​មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេទ្រាស​ ជា​ជាង​ប្រាក់​ដែល​ធ្វើ​ខ្ទម​សក្ការ​ព្រះនាង​ឌីអាន​អំពី​ប្រាក់​ គាត់​បាន​ផ្ដល់​កម្រៃ​យ៉ាង​ច្រើន​ដល់​ពួក​ជាង។​

25. គាត់​បាន​ប្រមូល​ពួក​ជាង​ និង​ពួក​អ្នក​ដែល​ប្រកប​របរ​បែប​នេះ​ដែរ​ មក​ប្រាប់​ថា៖​ «បងប្អូន​អើយ!​ បងប្អូន​ដឹង​ហើយ​ថា​ យើង​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ដោយសារ​មុខរបរ​នេះ​

26. ប៉ុន្ដែ​បងប្អូន​បាន​ឃើញ​ និង​បាន​ឮ​ហើយ​ថា​ ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​ និង​បាន​បង្វែរ​បណ្ដាជន​ជាច្រើន​រួច​មក​ហើយ​ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះ​ទេ​ គឺ​ស្ទើរតែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ ដោយ​និយាយ​ថា​ ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ មិន​មែន​ជា​ព្រះ​ទេ។​

27. នេះ​គឺ​ជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខ​របរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​វិហារ​របស់​ព្រះនាង​ឌីអាន​ដ៏​ឧត្ដម​ពុំ​មាន​តម្លៃ​ទៀត​ផង​ ហើយ​អំណាច​របស់​ព្រះនាង​ដែល​ស្រុក​អាស៊ី​ និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។​

28. ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​មាន​កំហឹង​ពេញ​ខ្លួន​ ហើយ​ស្រែក​ឡើង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​

29. ពេល​នោះ​មាន​ការ​ច្របូក​ច្របល់​ពេញ​ក្រុង​ ហើយ​ពួកគេ​សម្រុក​ចូល​ព្រមគ្នា​ទៅ​ក្នុង​ទីលាន​មហោស្រព​ រួច​ចាប់​លោក​កៃយុស​ និង​លោក​អើរីស្តាក​ ជា​អ្នក​ស្រុក​ម៉ាសេដូន​ ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល។​

30. លោក​ប៉ូល​ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូល​ទេ​

សូមអានជំពូកពេញលេញ កិច្ចការ 19