1. កាលលោកអ័ប៉ុឡូសកំពុងនៅក្នុងក្រុងកូរិនថូសនៅឡើយ លោកប៉ូលបានធ្វើដំណើរកាត់តំបន់ខ្ពង់រាបមកដល់ក្រុងអេភេសូរ ហើយគាត់ក៏ជួបពួកសិស្សមួយចំនួន
2. គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿ តើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ យើងមិនដែលទាំងឮថា មានព្រះវិញ្ញាណបរិសុទ្ធផង»
3. ដូច្នេះ គាត់ក៏សួរទៀតថា៖ «ចុះតើអ្នករាល់គ្នាបានទទួលពិធីជ្រមុជបែបណា?» ពួកគេឆ្លើយថា៖ «ដោយនូវពិធីជ្រមុជរបស់លោកយ៉ូហាន»
4. លោកប៉ូលនិយាយថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជ ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ដ ទាំងប្រាប់មនុស្សឲ្យជឿលើព្រះអង្គដែលយាងមកក្រោយគាត់ គឺព្រះយេស៊ូ»
5. ពេលឮដូច្នេះ ពួកគេក៏ទទួលពិធីជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូ
6. ហើយពេលលោកប៉ូលដាក់ដៃលើពួកគេ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ រួចពួកគេក៏និយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងថ្លែងព្រះបន្ទូលផង។
7. អ្នកទាំងនោះមានគ្នាប្រហែលដប់ពីរនាក់។
8. បន្ទាប់មក គាត់ក៏ចូលទៅនិយាយនៅក្នុងសាលាប្រជុំយ៉ាងក្លាហានអស់រយៈពេលបីខែ ទាំងជជែកវែកញែក និងពន្យល់គ្រប់បែបយ៉ាងអំពីនគរព្រះជាម្ចាស់
9. ប៉ុន្ដែនៅពេលអ្នកខ្លះនៅតែមានចិត្ដរឹងរូស និងមិនព្រមជឿ ទាំងនិយាយបង្អាប់មាគ៌ានោះនៅមុខបណ្ដាជន គាត់ក៏ចាកចេញពីពួកគេ នាំយកពួកសិស្សទៅផង ហើយបង្រៀនពួកគេក្នុងសាលារបស់លោកទីរ៉ានុសជារៀងរាល់ថ្ងៃ។
10. គាត់ធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ ដូច្នេះហើយបានជាអស់អ្នកដែលរស់នៅស្រុកអាស៊ី ទាំងជនជាតិយូដា និងជនជាតិក្រេកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់
11. ហើយព្រះជាម្ចាស់បានធ្វើការអស្ចារ្យប្លែកៗ តាមរយៈដៃរបស់លោកប៉ូល
12. សូម្បីតែកន្សែងដៃ ឬក្រមាដែលយកចេញពីខ្លួនរបស់គាត់ទៅគ្របលើពួកអ្នកជំងឺ នោះពួកគេក៏បានជាពីជំងឺ ហើយពួកវិញ្ញាណអាក្រក់ក៏ចេញដែរ