8. រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំ និងក្រុមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ ហើយអ្នកក្រុងកូរិនថូសជាច្រើនដែលបានស្ដាប់លោកប៉ូលបានជឿ និងបានទទួលពិធីជ្រមុជទឹកដែរ។
9. នៅយប់មួយ ព្រះអម្ចាស់មានបន្ទូលមកលោកប៉ូលនៅក្នុងសុបិននិមិត្ដថា៖ «កុំខ្លាចអី ចូរនិយាយបន្ដទៀត កុំនៅស្ងៀមឡើយ
10. ដ្បិតយើងនៅជាមួយអ្នក ហើយគ្មានអ្នកណាម្នាក់អាចតតាំង ធ្វើបាបអ្នកបានឡើយ ព្រោះមានប្រជារាស្ដ្ររបស់យើងជាច្រើននៅក្នុងក្រុងនេះ»។
11. គាត់ក៏ស្នាក់នៅទីនោះអស់រយៈពេលមួយឆ្នាំកន្លះ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់ពួកគេ
12. ប៉ុន្ដែ នៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្ដី
13. ដោយចោទថា៖ «អ្នកនេះកំពុងតែបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះជាម្ចាស់ផ្ទុយនឹងច្បាប់»
14. ប៉ុន្ដែ ពេលលោកប៉ូលបម្រុងនិយាយ លោកកាលីយ៉ូបាននិយាយទៅជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ! បើបញ្ហានេះជាបទល្មើស ឬបទឧក្រិដ្ឋ នោះសមឲ្យខ្ញុំស្ដាប់អ្នករាល់គ្នា
15. ប៉ុន្ដែបើជាទំនាស់អំពីពាក្យសំដី ឬឈ្មោះ ឬវិន័យរបស់អ្នករាល់គ្នាវិញ ចូរដោះស្រាយដោយខ្លួនឯងទៅ ខ្ញុំមិនចង់ធ្វើជាអ្នកកាត់ក្ដីរឿងបែបនេះទេ»។
16. បន្ទាប់មក គាត់ក៏បណ្ដេញពួកគេចេញពីសាលាក្ដី
17. ដូច្នេះ ពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេនជាប្រធានសាលាប្រជុំ ហើយវាយគាត់នៅមុខសាលាក្ដី ប៉ុន្ដែលោកកាលីយ៉ូមិនខ្វល់នឹងរឿងនេះឡើយ។
18. លោកប៉ូលបានស្នាក់នៅទីនោះជាច្រើនថ្ងៃទៀត បន្ទាប់មកគាត់ក៏ជម្រាបលាពួកបងប្អូនចុះសំពៅទៅស្រុកស៊ីរីជាមួយលោកអ័គីឡា និងនាងព្រីស៊ីល។ លោកប៉ូលបានកោរសក់នៅក្រុងកេងគ្រា ព្រោះគាត់ត្រូវលាបំណន់។
19. លុះមកដល់ក្រុងអេភេសូរ លោកប៉ូលបានទុកអ្នកទាំងពីរឲ្យនៅទីនោះ រួចគាត់ចូលទៅក្នុងសាលាប្រជុំ ដើម្បីជជែកវែកញែកជាមួយជនជាតិយូដា
20. ហើយពួកគេក៏សុំឲ្យគាត់ស្នាក់នៅយូរបន្ដិច ប៉ុន្ដែគាត់មិនព្រមនៅទេ
21. ពេលជម្រាបលាពួកគេ គាត់បាននិយាយដូច្នេះថា៖ «បើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងត្រលប់មកឯអ្នករាល់គ្នាវិញ» រួចគាត់ក៏ចុះសំពៅចាកចេញពីក្រុងអេភេសូរ។