21. ពេលជម្រាបលាពួកគេ គាត់បាននិយាយដូច្នេះថា៖ «បើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងត្រលប់មកឯអ្នករាល់គ្នាវិញ» រួចគាត់ក៏ចុះសំពៅចាកចេញពីក្រុងអេភេសូរ។
22. ពេលមកដល់ក្រុងសេសារា គាត់ក៏ទៅសួរសុខទុក្ខក្រុមជំនុំ បន្ទាប់មកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក
23. ហើយបន្ទាប់ពីបានស្នាក់នៅក្រុងអាន់ទីយ៉ូកមួយរយៈពេល គាត់ក៏ចាកចេញ ហើយធ្វើដំណើរកាត់តាមស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។
24. នៅគ្រានោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូស ជាអ្នកក្រុងអ័លេក្សានទ្រាបានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះបទគម្ពីរយ៉ាងស្ទាត់
25. គាត់បានទទួលការអប់រំតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយឆេះឆួលខាងវិញ្ញាណ និងបង្រៀនបានយ៉ាងត្រឹមត្រូវអំពីសេចក្ដីទាំងឡាយដែលទាក់ទងនឹងព្រះយេស៊ូ ទោះបីជាគាត់ស្គាល់ត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ
26. គាត់ចាប់ផ្ដើមប្រកាសយ៉ាងមោះមុតនៅក្នុងសាលាប្រជុំ ហើយពេលលោកអ័គីឡា និងនាងព្រីស៊ីលបានឮដូច្នេះ ក៏នាំគាត់មក ហើយពន្យល់ប្រាប់គាត់ថែមទៀតយ៉ាងច្បាស់លាស់អំពីមាគ៌ារបស់ព្រះជាម្ចាស់។
27. កាលលោកអ័ប៉ុឡូសមានបំណងឆ្លងទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្ដគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់ ហើយពេលគាត់ទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារព្រះគុណ
28. ដ្បិតគាត់ឆ្លើយបំភ្លឺដល់ជនជាតិយូដាយ៉ាងមានអំណាចនៅចំពោះមុខមហាជន ទាំងបង្ហាញតាមបទគម្ពីរថា ព្រះយេស៊ូជាព្រះគ្រិស្ដ។