គម្ពីរសញ្ញាថ្មី

កិច្ចការ 18:13-27 Khmer Christian Bible (KCB)

13. ដោយ​ចោទ​ថា៖​ «អ្នក​នេះ​កំពុង​តែ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ផ្ទុយ​នឹង​ច្បាប់»​

14. ប៉ុន្ដែ​ ពេល​លោក​ប៉ូល​បម្រុង​និយាយ​ លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា៖​ «ឱ​ជនជាតិ​យូដា​អើយ!​ បើ​បញ្ហា​នេះ​ជា​បទ​ល្មើស​ ឬ​បទ​ឧក្រិដ្ឋ​ នោះ​សម​ឲ្យ​ខ្ញុំ​ស្ដាប់​អ្នក​រាល់គ្នា​

15. ប៉ុន្ដែ​បើ​ជា​ទំនាស់​អំពី​ពាក្យ​សំដី​ ឬ​ឈ្មោះ​ ឬ​វិន័យ​របស់​អ្នក​រាល់គ្នា​វិញ​ ចូរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ទៅ​ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​កាត់​ក្ដី​រឿង​បែប​នេះ​ទេ»។​

16. បន្ទាប់មក​ គាត់​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សាលា​ក្ដី​

17. ដូច្នេះ​ ពួកគេ​គ្រប់​គ្នា​ក៏​ចាប់​លោក​សូស្ថេន​ជា​ប្រធាន​សាលា​ប្រជុំ​ ហើយ​វាយ​គាត់​នៅ​មុខ​សាលា​ក្ដី​ ប៉ុន្ដែ​លោក​កាលីយ៉ូ​មិន​ខ្វល់​នឹង​រឿង​នេះ​ឡើយ។​

18. លោក​ប៉ូល​បាន​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ទៀត​ បន្ទាប់មក​គាត់​ក៏​ជម្រាបលា​ពួក​បងប្អូន​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជាមួយ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល។​ លោក​ប៉ូល​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ ព្រោះ​គាត់​ត្រូវ​លា​បំណន់។​

19. លុះ​មក​ដល់​ក្រុង​អេភេសូរ​ លោក​ប៉ូល​បាន​ទុក​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ទីនោះ​ រួច​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ ដើម្បី​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា​

20. ហើយ​ពួកគេ​ក៏​សុំ​ឲ្យ​គាត់​ស្នាក់នៅ​យូរ​បន្ដិច​ ប៉ុន្ដែ​គាត់​មិន​ព្រម​នៅ​ទេ​

21. ពេល​ជម្រាបលា​ពួកគេ​ គាត់​បាន​និយាយ​ដូច្នេះ​ថា៖​ «បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ ខ្ញុំ​នឹង​ត្រលប់​មក‍​ឯ​អ្នក​រាល់គ្នា​វិញ»​ រួច​គាត់​ក៏​ចុះ​សំពៅ​ចាកចេញ​ពី​ក្រុង​អេភេសូរ។​

22. ពេល​មក​ដល់​ក្រុង​សេសារា​ គាត់​ក៏​ទៅ​សួរ​សុខទុក្ខ​ក្រុមជំនុំ​ បន្ទាប់មក​គាត់​ក៏​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក​

23. ហើយ​បន្ទាប់ពី​បាន​ស្នាក់នៅ​ក្រុង​អាន់ទីយ៉ូក​មួយ​រយៈ​ពេល​ គាត់​ក៏​ចាកចេញ​ ហើយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​កាឡាទី​ និង​ស្រុក​ព្រីគា​ ទាំង​ពង្រឹង​ពួក​សិស្ស​ទាំង​អស់​ឲ្យ​រឹងមាំ។​

24. នៅ​គ្រា​នោះ​ មាន​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស​ ជា​អ្នក​ក្រុង​អ័លេក្សានទ្រា​បាន​មក​ដល់​ក្រុង​អេភេសូរ។​ គាត់​ជា​មនុស្ស​មាន​វោហារ​ ហើយ​ចេះ​បទគម្ពីរ​យ៉ាង​ស្ទាត់​

25. គាត់​បាន​ទទួល​ការ​អប់រំ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​ ហើយ​ឆេះឆួល​ខាង​វិញ្ញាណ​ និង​បង្រៀន​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​សេចក្ដី​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ព្រះយេស៊ូ​ ទោះបី​ជា​គាត់​ស្គាល់​ត្រឹមតែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ​

26. គាត់​ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​ពេល​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ ក៏​នាំ​គាត់​មក​ ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។​

27. កាល​លោក​អ័ប៉ុឡូស​មាន​បំណង​ឆ្លង​ទៅ​ស្រុក​អាខៃ​ ពួក​បងប្អូន​ក៏​លើក​ទឹកចិត្ដ​គាត់​ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួល​ស្វាគមន៍​គាត់​ ហើយ​ពេល​គាត់​ទៅ​ដល់​ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​បាន​ជឿ​ដោយសារ​ព្រះគុណ​

សូមអានជំពូកពេញលេញ កិច្ចការ 18