គម្ពីរសញ្ញាថ្មី

កិច្ចការ 17:3-12 Khmer Christian Bible (KCB)

3. ដោយ​ពន្យល់​ និង​បញ្ជាក់​ថា​ ព្រះគ្រិស្ដ​ត្រូវតែ​រងទុក្ខ​ ហើយ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ រួច​គាត់​និយាយ​ទៀត​ថា៖​ «ព្រះយេស៊ូ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នេះ​ហើយ​ជា​ព្រះគ្រិស្ដ»។​

4. ពួកគេ​ខ្លះ​ព្រម​ជឿ​ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​ និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ​

5. ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បែរជា​ច្រណែន​ ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក​ គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​ ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន​ តាម​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន។​

6. ប៉ុន្ដែ​ពេល​គេ​រក​អ្នក​ទាំង​ពីរ​មិន​ឃើញ​ គេ​ក៏​ចាប់​អូស​លោក​យ៉ាសុន​ និង​បងប្អូន​ខ្លះ​ទៀត​យក​ទៅ​ប្រគល់​ឲ្យ​ពួក​អាជ្ញាធរ​ក្រុង​ ដោយ​ស្រែក​ថា៖​ «ពួក​អ្នក​ធ្វើ​ឲ្យ​ផែនដី​ច្របូក​ច្របល់​បាន​មក​ដល់​ទីនេះ​

7. ​ហើយ​យ៉ាសុន​បាន​ទទួល​ពួកវា​ គឺ​ពួកវា​ទាំង​នេះ​កំពុង​ធ្វើ​អំពើ​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះចៅ​អធិរាជ​ ដោយ​ប្រកាស​ថា​ មាន​ស្ដេច​មួយ​អង្គ​ទៀត​ឈ្មោះ​យេស៊ូ!»​

8. ពួក​ជនជាតិ​យូដា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ និង​ពួក​អាជ្ញាធរ​ក្រុង​ដែល‍​បាន​ស្ដាប់​សេចក្ដី​ទាំង​នេះ​ជ្រួល​ច្របល់។​

9. ពេល​ពួកគេ​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន​ និង​អ្នក​ផ្សេង​ទៀត​រួច​ហើយ​ ពួកគេ​ក៏​ដោះលែង​អ្នក​ទាំង​នោះ។​

10. រីឯ​ពួក​បងប្អូន​ក៏​បណ្ដោះ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​ភ្លាម​ ហើយ​ពេល​ទៅ​ដល់​ក្រុង​នោះ​ អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​

11. ប៉ុន្ដែ​ជនជាតិ​យូដា​ទាំង​នេះ​មាន​គំនិត​បើក​ចំហ​ជាង​ពួក​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​ ដ្បិត​ពួកគេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ដ​សង្វាត​ ទាំង​ស្រាវជ្រាវ​បទគម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​ សេចក្ដី​ទាំង​នេះ​ត្រឹមត្រូវ​ ឬ​យ៉ាងណា។​

12. ដូច្នេះ​ហើយ​ ពួកគេ​ជាច្រើន​ក៏​ជឿ​ មាន​ទាំង​បុរស​ស្ដ្រី​ជនជាតិ​ក្រេក​ ដែល​មាន​មុខមាត់​ជាច្រើន​ផង​ដែរ​

សូមអានជំពូកពេញលេញ កិច្ចការ 17