គម្ពីរសញ្ញាថ្មី

កិច្ចការ 17:21-34 Khmer Christian Bible (KCB)

21. នៅ​សម័យ​នោះ​ អ្នក​ក្រុង​អាថែន​ និង​ពួក​ជន​បរទេស​ទាំងឡាយ​ដែល​រស់នៅ​ក្រុង​នោះ​ មិន​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វី​ក្រៅពី​និទាន​រឿង​ ឬ​ស្ដាប់​រឿង​ថ្មីៗ​ឡើយ។​

22. ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ!​ ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នក​រាល់គ្នា​ជឿ​ស៊ប់​លើ​របស់​សព្វ​សារពើ​

23. ដ្បិត​ពេល​ខ្ញុំ​ដើរ​កាត់​ ហើយ​សង្កេត​មើល​គ្រឿង​សក្ការ​បូជា​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ ដែល​មាន​ចារឹក​អក្សរ​ថា​ ព្រះ​ដែល​មិន​ស្គាល់។​ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះ​ដែល​អ្នក​រាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិន​ស្គាល់​នេះ​

24. ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក​ និង​របស់​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌​ និង​ផែនដី​ ព្រះអង្គ​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​សង់​ដោយ​ដៃ​របស់​មនុស្ស​ឡើយ​

25. ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ ព្រោះ​ព្រះអង្គ​ទេ​តើ​ ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ មាន​ដង្ហើម​ និង​មាន​របស់​សព្វ​សារពើ​

26. ព្រះអង្គ​បាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់នៅ​

27. ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ព្រះជាម្ចាស់​ ហើយ​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែន​ នោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិន​ខាន​ ពីព្រោះ​តាម​ពិត​ព្រះជាម្ចាស់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់គ្នា​ឡើយ​

28. ហើយ​យើង​រស់នៅ​ មាន​ចលនា​ និង​មាន​ជីវិត​ជា​មនុស្ស​ដោយសារ​ព្រះអង្គ​ ដូច​ដែល​កវី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​ ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ។​

29. ដូច្នេះ​ បើ​យើង​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន​ យើង​មិន​ត្រូវ​គិត​ថា​ ព្រះអង្គ​មាន​សណ្ឋាន​ដូចជា​រូប​សំណាក​ធ្វើ​ពី​មាស​ ប្រាក់​ ឬ​ថ្ម​ តាម​ជំនាញ​ និង​គំនិត​របស់​មនុស្ស​ឡើយ​

30. ដ្បិត​ពី​មុន​ព្រះជាម្ចាស់​បាន​ទត​រំលង​គ្រា​ដែល​មនុស្ស​ល្ងង់ខ្លៅ​មែន​ ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះអង្គ​បង្គាប់​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែចិត្ត​

31. ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ ដែល​ព្រះអង្គ​នឹង​ជំនុំ​ជម្រះ​ពិភព​លោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»​

32. នៅពេល​ពួកគេ​ឮ​អំពី​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «យើង​ចង់​ស្ដាប់​អ្នក​និយាយ​អំពី​រឿង​នេះ​ម្ដង​ទៀត»។​

33. ដូច្នេះ​ហើយ​ លោក​ប៉ូល​ក៏​ចាកចេញ​ពី​ចំណោម​ពួកគេ​ទៅ​

34. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​បាន​ជឿ​ ហើយ​ចូល​រួម​ជាមួយ​គាត់​ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ មាន​ទាំង​លោក​ឌេវនីស​ ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ និង​ស្ដ្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស​ ព្រមទាំង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។​

សូមអានជំពូកពេញលេញ កិច្ចការ 17