គម្ពីរសញ្ញាថ្មី

កិច្ចការ 17:16-28 Khmer Christian Bible (KCB)

16. នៅពេល​លោក​ប៉ូល​កំពុង​រង់ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន​ វិញ្ញាណ​របស់​គាត់​ពុះ​កញ្ជ្រោល​ជា​ខ្លាំង​ ដោយ​គាត់​សង្កេត​ឃើញ​មាន​រូបព្រះ​ពាសពេញ​ក្រុង​នោះ​

17. ដូច្នេះ​ គាត់​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា​ និង​ពួក​អ្នក​មក​ថ្វាយបង្គំ​នៅ​ក្នុង​សាលា​ប្រជុំ​ ព្រមទាំង​ពួក​អ្នក​ដែល​គាត់​បាន​ជួប​នៅ​ក្នុង​ទីផ្សារ​ជា​រៀង​រាល់​ថ្ងៃ​

18. ហើយ​ក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ​ និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​ បាន​ជជែក​ដេញដោល​ជាមួយ​លោក​ប៉ូល​ដែរ​ គឺ​មាន​អ្នក​ខ្លះ​សួរ​ថា៖​ «តើ​អ្នក​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ ចង់​និយាយ​អំពី​អ្វី?»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «គាត់​ប្រហែល​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ»​ [ពួកគេ​ពោល​ដូច្នេះ]​ ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ។​

19. ដូច្នេះ​ ពួកគេ​ក៏​នាំ​គាត់​ទៅ​ជួប​នឹង​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​សួរ​ថា៖​ «តើ​អ្នក​អាច​ប្រាប់​យើង​ឲ្យ​យល់​អំពី​សេចក្ដី​បង្រៀន​ថ្មី​ដែល​អ្នក​កំពុង​ប្រកាស​នេះ​បាន​ដែរ‍ឬ​ទេ?​

20. ដ្បិត​យើង​បាន​ឮ​អ្នក​និយាយ​ពី​សេចក្ដី​ប្លែកៗ​ ដូច្នេះ​ហើយ​ យើង​ចង់​ដឹង​ថា​ តើ​សេចក្ដី​ទាំង​នេះ​មាន​ន័យ​ដូចម្ដេច»។​

21. នៅ​សម័យ​នោះ​ អ្នក​ក្រុង​អាថែន​ និង​ពួក​ជន​បរទេស​ទាំងឡាយ​ដែល​រស់នៅ​ក្រុង​នោះ​ មិន​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វី​ក្រៅពី​និទាន​រឿង​ ឬ​ស្ដាប់​រឿង​ថ្មីៗ​ឡើយ។​

22. ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ!​ ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នក​រាល់គ្នា​ជឿ​ស៊ប់​លើ​របស់​សព្វ​សារពើ​

23. ដ្បិត​ពេល​ខ្ញុំ​ដើរ​កាត់​ ហើយ​សង្កេត​មើល​គ្រឿង​សក្ការ​បូជា​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ ដែល​មាន​ចារឹក​អក្សរ​ថា​ ព្រះ​ដែល​មិន​ស្គាល់។​ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះ​ដែល​អ្នក​រាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិន​ស្គាល់​នេះ​

24. ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក​ និង​របស់​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌​ និង​ផែនដី​ ព្រះអង្គ​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​សង់​ដោយ​ដៃ​របស់​មនុស្ស​ឡើយ​

25. ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ ព្រោះ​ព្រះអង្គ​ទេ​តើ​ ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ មាន​ដង្ហើម​ និង​មាន​របស់​សព្វ​សារពើ​

26. ព្រះអង្គ​បាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់នៅ​

27. ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ព្រះជាម្ចាស់​ ហើយ​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែន​ នោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិន​ខាន​ ពីព្រោះ​តាម​ពិត​ព្រះជាម្ចាស់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់គ្នា​ឡើយ​

28. ហើយ​យើង​រស់នៅ​ មាន​ចលនា​ និង​មាន​ជីវិត​ជា​មនុស្ស​ដោយសារ​ព្រះអង្គ​ ដូច​ដែល​កវី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​ ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ។​

សូមអានជំពូកពេញលេញ កិច្ចការ 17