1. ក្រោយមក ពេលពួកគាត់ធ្វើដំណើរកាត់តាមក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនា ពួកគាត់ក៏មកដល់ក្រុងថែស្សាឡូនីចដែលមានសាលាប្រជុំមួយរបស់ជនជាតិយូដានៅទីនោះ។
2. លោកប៉ូលក៏បានទៅជួបពួកជនជាតិយូដាតាមទម្លាប់របស់គាត់ ហើយអស់រយៈពេលបីថ្ងៃសប្ប័ទ គាត់បានជជែកវែកញែកបទគម្ពីរជាមួយពួកគេ
3. ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រិស្ដត្រូវតែរងទុក្ខ ហើយរស់ពីការសោយទិវង្គតឡើងវិញ រួចគាត់និយាយទៀតថា៖ «ព្រះយេស៊ូដែលខ្ញុំកំពុងប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រិស្ដ»។
4. ពួកគេខ្លះព្រមជឿ និងបានចូលរួមជាមួយលោកប៉ូល និងលោកស៊ីឡាស ហើយក៏មានពួកជនជាតិក្រេកដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន និងពួកស្ដ្រីដែលមានមុខមាត់ក៏មិនតិចដែរ
5. ប៉ុន្ដែពួកជនជាតិយូដាបែរជាច្រណែន ហើយនាំពួកមនុស្សពាលខ្លះពីផ្សារមក គឺប្រមូលបានគ្នាមួយក្រុមទៅបង្កចលាចលនៅក្នុងក្រុង ហើយបានចូលទៅរើកកាយផ្ទះរបស់លោកយ៉ាសុន តាមចាប់លោកប៉ូល និងលោកស៊ីឡាស ដើម្បីនាំទៅប្រគល់ឲ្យមហាជន។
6. ប៉ុន្ដែពេលគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់អូសលោកយ៉ាសុន និងបងប្អូនខ្លះទៀតយកទៅប្រគល់ឲ្យពួកអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកធ្វើឲ្យផែនដីច្របូកច្របល់បានមកដល់ទីនេះ
7. ហើយយ៉ាសុនបានទទួលពួកវា គឺពួកវាទាំងនេះកំពុងធ្វើអំពើប្រឆាំងនឹងបទបញ្ជារបស់ព្រះចៅអធិរាជ ដោយប្រកាសថា មានស្ដេចមួយអង្គទៀតឈ្មោះយេស៊ូ!»
8. ពួកជនជាតិយូដាទាំងនោះបានធ្វើឲ្យបណ្ដាជន និងពួកអាជ្ញាធរក្រុងដែលបានស្ដាប់សេចក្ដីទាំងនេះជ្រួលច្របល់។
9. ពេលពួកគេយកប្រាក់ធានាពីលោកយ៉ាសុន និងអ្នកផ្សេងទៀតរួចហើយ ពួកគេក៏ដោះលែងអ្នកទាំងនោះ។
10. រីឯពួកបងប្អូនក៏បណ្ដោះលោកប៉ូល និងលោកស៊ីឡាសទាំងយប់ទៅក្រុងបេរាភ្លាម ហើយពេលទៅដល់ក្រុងនោះ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា
11. ប៉ុន្ដែជនជាតិយូដាទាំងនេះមានគំនិតបើកចំហជាងពួកជនជាតិយូដានៅក្រុងថែស្សាឡូនីច ដ្បិតពួកគេបានទទួលព្រះបន្ទូលដោយចិត្ដសង្វាត ទាំងស្រាវជ្រាវបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬយ៉ាងណា។
12. ដូច្នេះហើយ ពួកគេជាច្រើនក៏ជឿ មានទាំងបុរសស្ដ្រីជនជាតិក្រេក ដែលមានមុខមាត់ជាច្រើនផងដែរ
13. ប៉ុន្ដែពេលជនជាតិយូដានៅក្រុងថែស្សាឡូនីចបានដឹងថា លោកប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរ នោះពួកគេក៏មកបំបះបំបោរ និងញុះញង់បណ្ដាជននៅក្រុងនោះឲ្យជ្រួលច្របល់ទៀត
14. ដូច្នេះ ពួកបងប្អូនក៏នាំលោកប៉ូលចេញទៅសមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេស្នាក់នៅទីនោះដដែល។