5. ដូច្នេះ ក្រុមជំនុំទាំងនោះក៏មានជំនឿរឹងមាំឡើង ហើយមានគ្នាកាន់តែច្រើនឡើងរាល់ថ្ងៃ។
6. ដោយសារព្រះវិញ្ញាណបរិសុទ្ធឃាត់ពួកគាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ដូច្នេះ ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកព្រីគា និងស្រុកកាឡាទី
7. ពេលមកដល់ស្រុកមីស៊ា ពួកគាត់ព្យាយាមចូលទៅស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូមិនអនុញ្ញាតឲ្យពួកគាត់ចូលទេ
8. ដូច្នេះពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកមីស៊ាចុះទៅក្រុងទ្រអាស។
9. នៅពេលយប់ លោកប៉ូលបានឃើញសុបិននិមិត្ដមួយ គឺមានអ្នកស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ «សូមអញ្ជើញមកជួយយើងនៅស្រុកម៉ាសេដូននេះផង!»
10. កាលគាត់បានឃើញសុបិននិមិត្ដនោះហើយ យើងក៏ប្រញាប់ទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ថា ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
11. ដូច្នេះ យើងក៏ចុះសំពៅពីក្រុងទ្រអាសតម្រង់ទៅឯកោះសាម៉ូត្រាស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់ក្រុងនាប៉ូល
12. យើងចេញពីក្រុងនោះទៅក្រុងភីលីពដែលជាក្រុងដ៏សំខាន់មួយ នៅក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់ចក្រភពរ៉ូម រួចយើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
13. នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុងសំដៅទៅមាត់ទន្លេមួយ ជាកន្លែងដែលយើងគិតថានឹងមានកន្លែងអធិស្ឋាន យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ដ្រីដែលបានមកជួបជុំគ្នា
14. រួចមានស្ដ្រីម្នាក់ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា ហើយជាអ្នកថ្វាយបង្គំព្រះជាម្ចាស់។ ពេលគាត់កំពុងស្ដាប់ ព្រះអម្ចាស់បានបើកចិត្ដរបស់គាត់ឲ្យយកចិត្ដទុកដាក់នឹងសេចក្ដីទាំងឡាយដែលលោកប៉ូលកំពុងនិយាយ។
15. បន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់បានទទួលពិធីជ្រមុជទឹករួច គាត់ក៏ទទូចសុំយើងថា៖ «បើពួកលោកយល់ឃើញថា ខ្ញុំពិតជាស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់ខ្ញុំ!» ហើយនាងបានទទូចរហូតដល់យើងព្រម។
16. ក្រោយមក ពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានក្មេងស្រីបម្រើម្នាក់ដែលមានវិញ្ញាណអារក្សចេះទាយ បានមកឯយើង។ នាងរកកម្រៃឲ្យពួកម្ចាស់នាងបានច្រើនណាស់ ដោយសារការទាយនេះ។
17. នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។
18. នាងបានធ្វើដូច្នេះជាច្រើនថ្ងៃ ធ្វើឲ្យលោកប៉ូលធុញទ្រាន់ជាខ្លាំង ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ «យើងបង្គាប់ឯងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!» ពេលនោះ វាក៏ចេញពីនាងភ្លាម