គម្ពីរសញ្ញាថ្មី

កិច្ចការ 16:26-36 Khmer Christian Bible (KCB)

26. ស្រាប់តែ​មាន​ការ​រញ្ជួយ​ដី​ជា​ខ្លាំង​បណ្ដាល​ឲ្យ​គ្រឹះ​គុក​រង្គើ​ ហើយ​ទ្វារ​គុក​ទាំងឡាយ​ក៏​របើក​ភ្លាម​ ឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​គ្រប់​គ្នា​បាន​របើក​ឡើង។​

27. ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង​ ឃើញ​ទ្វារ​គុក​ទាំងឡាយ​ចំហ​ដូច្នេះ​ គាត់​ក៏​ហូត​ដាវ​បម្រុង​សម្លាប់​ខ្លួន​ ដោយ​ស្មាន​ថា​អ្នក​ទោស​រត់​អស់​ហើយ​

28. ប៉ុន្ដែ​លោក​ប៉ូល​បាន​ស្រែក​ខ្លាំងៗ​ថា៖​ «កុំ​ធ្វើ​បាប​ខ្លួន​អី​ ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ»​

29. ឆ្មាំ​គុក​ក៏​សុំ​ឲ្យ​គេ​យក​ភ្លើង​មក​ ហើយ​រត់​ចូល​ទៅ​ខាង​ក្នុង​ រួច​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ទាំង​ភ័យញ័រ‍។​

30. ក្រោយពី​នាំ​ពួកគាត់​ចេញ​មក​ដល់​ខាង​ក្រៅ​ហើយ​ ឆ្មាំ​គុក​នោះ​បាន​សួរ​ថា៖​ «លោកម្ចាស់!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ ដើម្បី​បាន​ទទួល​សេចក្ដី​សង្គ្រោះ?»​

31. ពួកគាត់​ក៏​ឆ្លើយ​ថា៖​ «ចូរ​ជឿ​ព្រះអម្ចាស់​យេស៊ូ​ចុះ​ នោះ​អ្នក​ ព្រមទាំង​គ្រួសារ​របស់​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ»។​

32. បន្ទាប់មក​ពួកគាត់​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រាប់​ឆ្មាំ​គុក​នោះ​ ព្រមទាំង​អ្នក​ទាំងឡាយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ផង។​

33. នៅ​វេលា​យប់​ដដែល​នោះ​ ក្រោយពេល​យក​ពួកគាត់​ទៅ​លាង​របួស​រួច​ហើយ​ ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ភ្លាម។​

34. បន្ទាប់មក​ ឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ​ និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់​ ហើយ​ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​អរសប្បាយ​ណាស់​ ដោយ​បាន​ជឿ​ព្រះជាម្ចាស់។​

35. លុះ​ភ្លឺ​ឡើង​ ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​នគរបាល​ឲ្យ​ទៅ​ប្រាប់​ថា៖​ «ចូរ​ដោះលែង​អ្នក​ទាំង​នោះ​ទៅ»​

36. ដូច្នេះ​ឆ្មាំ​គុក​ក៏​ប្រាប់​លោក​ប៉ូល​អំពី​សេចក្ដី​ទាំង​នោះ​ថា៖​ «ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​គេ​ឲ្យ​មក​ ដើម្បី​ដោះលែង​ពួក​លោក​ហើយ​ ដូច្នេះ​ ឥឡូវ​នេះ​ សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។​

សូមអានជំពូកពេញលេញ កិច្ចការ 16