20. កាលនាំពួកគាត់ទៅជួបពួកមន្ដ្រីគ្រប់គ្រងក្រុងហើយ ពួកគេក៏ប្រាប់ថា៖ «អ្នកទាំងនេះជាជនជាតិយូដា ហើយពួកគេកំពុងបង្កចលាចលនៅក្នុងក្រុងរបស់យើង
21. គឺពួកគេកំពុងប្រកាសអំពីទំនៀមទម្លាប់ដែលច្បាប់មិនអនុញ្ញាតឲ្យយើងជាជនជាតិរ៉ូមទទួលយក ឬធ្វើតាមឡើយ»
22. ដូច្នេះបណ្ដាជនក៏លើកគ្នាទាស់នឹងពួកគាត់ ហើយពួកមន្ដ្រីគ្រប់គ្រងក្រុងបានកន្ដ្រាក់ហែកសម្លៀកបំពាក់ពួកគាត់ រួចបញ្ជាឲ្យវាយពួកគាត់នឹងរំពាត់
23. ក្រោយពីវាយជាច្រើនរំពាត់មក ពួកគេក៏យកពួកគាត់ទៅដាក់គុក ទាំងបញ្ជាឲ្យឆ្មាំគុកយាមពួកគាត់យ៉ាងប្រុងប្រយ័ត្ន។
24. ពេលឆ្មាំគុកទទួលបញ្ជាយ៉ាងដូច្នោះហើយ គេក៏យកពួកគាត់ទៅដាក់ក្នុងគុកដែលនៅជ្រៅ ព្រមទាំងដាក់ខ្នោះជើងជាប់។
25. នៅប្រហែលពាក់កណ្ដាលអធ្រាត្រ កាលលោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងចម្រៀងសរសើរព្រះជាម្ចាស់ ហើយពួកអ្នកទោសកំពុងតែស្ដាប់ពួកគាត់ដែរនោះ
26. ស្រាប់តែមានការរញ្ជួយដីជាខ្លាំងបណ្ដាលឲ្យគ្រឹះគុករង្គើ ហើយទ្វារគុកទាំងឡាយក៏របើកភ្លាម ឯច្រវាក់ដែលគេដាក់អ្នកទោសគ្រប់គ្នាបានរបើកឡើង។
27. ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកទាំងឡាយចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងសម្លាប់ខ្លួន ដោយស្មានថាអ្នកទោសរត់អស់ហើយ
28. ប៉ុន្ដែលោកប៉ូលបានស្រែកខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ»
29. ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក ហើយរត់ចូលទៅខាងក្នុង រួចក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស ទាំងភ័យញ័រ។
30. ក្រោយពីនាំពួកគាត់ចេញមកដល់ខាងក្រៅហើយ ឆ្មាំគុកនោះបានសួរថា៖ «លោកម្ចាស់! តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបានទទួលសេចក្ដីសង្គ្រោះ?»
31. ពួកគាត់ក៏ឆ្លើយថា៖ «ចូរជឿព្រះអម្ចាស់យេស៊ូចុះ នោះអ្នក ព្រមទាំងគ្រួសាររបស់អ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ»។
32. បន្ទាប់មកពួកគាត់ក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់ឆ្មាំគុកនោះ ព្រមទាំងអ្នកទាំងឡាយនៅក្នុងផ្ទះរបស់គាត់ផង។