គម្ពីរសញ្ញាថ្មី

កិច្ចការ 16:2-15 Khmer Christian Bible (KCB)

2. សិស្ស​ម្នាក់​នោះ​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​ចំណោម​ពួក​បងប្អូន​នៅ​ក្រុង​លីស្ដ្រា​ និង​ក្រុង​អ៊ីកូនាម​

3. លោក​ប៉ូល​ចង់​យក​ធីម៉ូថេ​ទៅ​ជាមួយ​ដែរ​ ដូច្នេះ​ក៏​យក​គាត់​ទៅ​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ ដោយព្រោះ​តែ​ពួក​ជនជាតិ​យូដា​ដែល​នៅ​កន្លែង​ទាំង​នោះ​ ដ្បិត​ពួកគេ​គ្រប់​គ្នា​ដឹង​ថា​ ឪពុក​គាត់​ជា​ជនជាតិ​ក្រេក។​

4. នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​នានា​ ពួកគាត់​បាន​ប្រគល់​សេចក្ដី​បង្គាប់​ដែល​ពួក​សាវក​ និង​ពួក​ចាស់ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច​ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​តាម​

5. ដូច្នេះ​ ក្រុមជំនុំ​ទាំង​នោះ​ក៏​មាន​ជំនឿ​រឹងមាំ​ឡើង​ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​រាល់​ថ្ងៃ។​

6. ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​

7. ពេល​មក​ដល់​ស្រុក​មីស៊ា​ ពួកគាត់​ព្យាយាម​ចូល​ទៅ​ស្រុក​ប៊ីធូនា​ ប៉ុន្តែ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទេ​

8. ដូច្នេះ​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​មីស៊ា​ចុះ​ទៅ​ក្រុង​ទ្រអាស។​

9. នៅ​ពេល​យប់​ លោក​ប៉ូល​បាន​ឃើញ​សុបិន​និមិត្ដ​មួយ​ គឺ​មាន​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖​ «សូម​អញ្ជើញ​មក​ជួយ​យើង​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង!»​

10. កាល​គាត់​បាន​ឃើញ​សុបិន​និមិត្ដ​នោះ​ហើយ​ យើង​ក៏​ប្រញាប់​ទៅ​ស្រុក​ម៉ាសេដូន​ភ្លាម​ ដោយ​យល់​ថា​ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។​

11. ដូច្នេះ​ យើង​ក៏​ចុះ​សំពៅ​ពី​ក្រុង​ទ្រអាស​តម្រង់​ទៅ‍​ឯ​កោះ​សាម៉ូត្រាស។​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល​

12. យើង​ចេញ​ពី​ក្រុង​នោះ​ទៅ​ក្រុង​ភីលីព​ដែល​ជា​ក្រុង​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ស្រុក​ម៉ាសេដូន​ និង​ជា​ក្រុង​ចំណុះ​របស់​ចក្រភព​រ៉ូម​ រួច​យើង​បាន​ស្នាក់នៅ​ក្រុង​នោះ​ជាច្រើន​ថ្ងៃ។​

13. នៅ​ថ្ងៃ​សប្ប័ទ​ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​សំដៅ​ទៅ​មាត់​ទន្លេ​មួយ​ ជា​កន្លែង​ដែល​យើង​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន​ យើង​ក៏​អង្គុយ​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ពួក​ស្ដ្រី​ដែល​បាន​មក​ជួបជុំ​គ្នា​

14. រួច​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​លីឌា​ ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុង​ធាទេរ៉ា​ ហើយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់។​ ពេល​គាត់​កំពុង​ស្ដាប់​ ព្រះអម្ចាស់​បាន​បើក​ចិត្ដ​របស់​គាត់​ឲ្យ​យក​ចិត្ដ​ទុកដាក់​នឹង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​កំពុង​និយាយ។​

15. បន្ទាប់ពី​គាត់​ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​ទទូច​សុំ​យើង​ថា៖​ «បើ​ពួក​លោក​យល់​ឃើញ​ថា​ ខ្ញុំ​ពិត​ជា​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​ខ្ញុំ!»​ ហើយ​នាង​បាន​ទទូច​រហូត​ដល់​យើង​ព្រម។​

សូមអានជំពូកពេញលេញ កិច្ចការ 16