គម្ពីរសញ្ញាថ្មី

កិច្ចការ 16:17-35 Khmer Christian Bible (KCB)

17. នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​

18. នាង​បាន​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​ ធ្វើ​ឲ្យ​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង​ ក៏​បែរ​ទៅ​បង្គាប់​វិញ្ញាណ​អាក្រក់​នោះ​ថា៖​ «យើង​បង្គាប់​ឯង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ចូរ​ចេញ​ពី​នាង​ទៅ!»​ ពេល​នោះ​ វា​ក៏​ចេញ​ពី​នាង​ភ្លាម​

19. ហើយ​ពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា​ គ្មាន​សង្ឃឹម​រក​កម្រៃ​បាន​ទៀត​ ពួកគេ​ក៏​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ក្នុង​ទី​ប្រជុំជន‍។​

20. កាល​នាំ​ពួកគាត់​ទៅ​ជួប​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​ហើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «អ្នក​ទាំង​នេះ​ជា​ជនជាតិ​យូដា​ ហើយ​ពួកគេ​កំពុង​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង​

21. គឺ​ពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀម​ទម្លាប់​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ជា​ជនជាតិ​រ៉ូម​ទទួល​យក​ ឬ​ធ្វើ​តាម​ឡើយ»​

22. ដូច្នេះ​បណ្ដាជន​ក៏​លើក​គ្នា​ទាស់​នឹង​ពួកគាត់​ ហើយ​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​កន្ដ្រាក់​ហែក​សម្លៀក​បំពាក់​ពួកគាត់​ រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់​

23. ក្រោយពី​វាយ​ជាច្រើន​រំពាត់​មក​ ពួកគេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​គុក​ ទាំង​បញ្ជា​ឲ្យ​ឆ្មាំ​គុក​យាម​ពួកគាត់​យ៉ាង​ប្រុង​ប្រយ័ត្ន។​

24. ពេល​ឆ្មាំ​គុក​ទទួល​បញ្ជា​យ៉ាង​ដូច្នោះ​ហើយ​ គេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​គុក​ដែល​នៅ​ជ្រៅ​ ព្រមទាំង​ដាក់​ខ្នោះ​ជើង​ជាប់។​

25. នៅ​ប្រហែល​ពាក់​កណ្ដាល​អធ្រាត្រ​ កាល​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​កំពុង​អធិស្ឋាន​ ទាំង​ច្រៀង​ចម្រៀង​សរសើរ​ព្រះជាម្ចាស់​ ហើយ​ពួក​អ្នក​ទោស​កំពុង​តែ​ស្ដាប់​ពួកគាត់​ដែរ​នោះ​

26. ស្រាប់តែ​មាន​ការ​រញ្ជួយ​ដី​ជា​ខ្លាំង​បណ្ដាល​ឲ្យ​គ្រឹះ​គុក​រង្គើ​ ហើយ​ទ្វារ​គុក​ទាំងឡាយ​ក៏​របើក​ភ្លាម​ ឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​គ្រប់​គ្នា​បាន​របើក​ឡើង។​

27. ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង​ ឃើញ​ទ្វារ​គុក​ទាំងឡាយ​ចំហ​ដូច្នេះ​ គាត់​ក៏​ហូត​ដាវ​បម្រុង​សម្លាប់​ខ្លួន​ ដោយ​ស្មាន​ថា​អ្នក​ទោស​រត់​អស់​ហើយ​

28. ប៉ុន្ដែ​លោក​ប៉ូល​បាន​ស្រែក​ខ្លាំងៗ​ថា៖​ «កុំ​ធ្វើ​បាប​ខ្លួន​អី​ ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ»​

29. ឆ្មាំ​គុក​ក៏​សុំ​ឲ្យ​គេ​យក​ភ្លើង​មក​ ហើយ​រត់​ចូល​ទៅ​ខាង​ក្នុង​ រួច​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ទាំង​ភ័យញ័រ‍។​

30. ក្រោយពី​នាំ​ពួកគាត់​ចេញ​មក​ដល់​ខាង​ក្រៅ​ហើយ​ ឆ្មាំ​គុក​នោះ​បាន​សួរ​ថា៖​ «លោកម្ចាស់!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ ដើម្បី​បាន​ទទួល​សេចក្ដី​សង្គ្រោះ?»​

31. ពួកគាត់​ក៏​ឆ្លើយ​ថា៖​ «ចូរ​ជឿ​ព្រះអម្ចាស់​យេស៊ូ​ចុះ​ នោះ​អ្នក​ ព្រមទាំង​គ្រួសារ​របស់​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ»។​

32. បន្ទាប់មក​ពួកគាត់​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រាប់​ឆ្មាំ​គុក​នោះ​ ព្រមទាំង​អ្នក​ទាំងឡាយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ផង។​

33. នៅ​វេលា​យប់​ដដែល​នោះ​ ក្រោយពេល​យក​ពួកគាត់​ទៅ​លាង​របួស​រួច​ហើយ​ ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ភ្លាម។​

34. បន្ទាប់មក​ ឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ​ និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់​ ហើយ​ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​អរសប្បាយ​ណាស់​ ដោយ​បាន​ជឿ​ព្រះជាម្ចាស់។​

35. លុះ​ភ្លឺ​ឡើង​ ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​នគរបាល​ឲ្យ​ទៅ​ប្រាប់​ថា៖​ «ចូរ​ដោះលែង​អ្នក​ទាំង​នោះ​ទៅ»​

សូមអានជំពូកពេញលេញ កិច្ចការ 16