15. បន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់បានទទួលពិធីជ្រមុជទឹករួច គាត់ក៏ទទូចសុំយើងថា៖ «បើពួកលោកយល់ឃើញថា ខ្ញុំពិតជាស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់ខ្ញុំ!» ហើយនាងបានទទូចរហូតដល់យើងព្រម។
16. ក្រោយមក ពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានក្មេងស្រីបម្រើម្នាក់ដែលមានវិញ្ញាណអារក្សចេះទាយ បានមកឯយើង។ នាងរកកម្រៃឲ្យពួកម្ចាស់នាងបានច្រើនណាស់ ដោយសារការទាយនេះ។
17. នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។
18. នាងបានធ្វើដូច្នេះជាច្រើនថ្ងៃ ធ្វើឲ្យលោកប៉ូលធុញទ្រាន់ជាខ្លាំង ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ «យើងបង្គាប់ឯងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!» ពេលនោះ វាក៏ចេញពីនាងភ្លាម
19. ហើយពេលពួកម្ចាស់របស់នាងឃើញថា គ្មានសង្ឃឹមរកកម្រៃបានទៀត ពួកគេក៏ចាប់លោកប៉ូល និងលោកស៊ីឡាសយកទៅដាក់នៅចំពោះមុខពួកអាជ្ញាធរក្នុងទីប្រជុំជន។
20. កាលនាំពួកគាត់ទៅជួបពួកមន្ដ្រីគ្រប់គ្រងក្រុងហើយ ពួកគេក៏ប្រាប់ថា៖ «អ្នកទាំងនេះជាជនជាតិយូដា ហើយពួកគេកំពុងបង្កចលាចលនៅក្នុងក្រុងរបស់យើង
21. គឺពួកគេកំពុងប្រកាសអំពីទំនៀមទម្លាប់ដែលច្បាប់មិនអនុញ្ញាតឲ្យយើងជាជនជាតិរ៉ូមទទួលយក ឬធ្វើតាមឡើយ»
22. ដូច្នេះបណ្ដាជនក៏លើកគ្នាទាស់នឹងពួកគាត់ ហើយពួកមន្ដ្រីគ្រប់គ្រងក្រុងបានកន្ដ្រាក់ហែកសម្លៀកបំពាក់ពួកគាត់ រួចបញ្ជាឲ្យវាយពួកគាត់នឹងរំពាត់
23. ក្រោយពីវាយជាច្រើនរំពាត់មក ពួកគេក៏យកពួកគាត់ទៅដាក់គុក ទាំងបញ្ជាឲ្យឆ្មាំគុកយាមពួកគាត់យ៉ាងប្រុងប្រយ័ត្ន។
24. ពេលឆ្មាំគុកទទួលបញ្ជាយ៉ាងដូច្នោះហើយ គេក៏យកពួកគាត់ទៅដាក់ក្នុងគុកដែលនៅជ្រៅ ព្រមទាំងដាក់ខ្នោះជើងជាប់។
25. នៅប្រហែលពាក់កណ្ដាលអធ្រាត្រ កាលលោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងចម្រៀងសរសើរព្រះជាម្ចាស់ ហើយពួកអ្នកទោសកំពុងតែស្ដាប់ពួកគាត់ដែរនោះ
26. ស្រាប់តែមានការរញ្ជួយដីជាខ្លាំងបណ្ដាលឲ្យគ្រឹះគុករង្គើ ហើយទ្វារគុកទាំងឡាយក៏របើកភ្លាម ឯច្រវាក់ដែលគេដាក់អ្នកទោសគ្រប់គ្នាបានរបើកឡើង។
27. ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកទាំងឡាយចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងសម្លាប់ខ្លួន ដោយស្មានថាអ្នកទោសរត់អស់ហើយ
28. ប៉ុន្ដែលោកប៉ូលបានស្រែកខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ»