គម្ពីរសញ្ញាថ្មី

កិច្ចការ 16:12-23 Khmer Christian Bible (KCB)

12. យើង​ចេញ​ពី​ក្រុង​នោះ​ទៅ​ក្រុង​ភីលីព​ដែល​ជា​ក្រុង​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ស្រុក​ម៉ាសេដូន​ និង​ជា​ក្រុង​ចំណុះ​របស់​ចក្រភព​រ៉ូម​ រួច​យើង​បាន​ស្នាក់នៅ​ក្រុង​នោះ​ជាច្រើន​ថ្ងៃ។​

13. នៅ​ថ្ងៃ​សប្ប័ទ​ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​សំដៅ​ទៅ​មាត់​ទន្លេ​មួយ​ ជា​កន្លែង​ដែល​យើង​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន​ យើង​ក៏​អង្គុយ​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ពួក​ស្ដ្រី​ដែល​បាន​មក​ជួបជុំ​គ្នា​

14. រួច​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​លីឌា​ ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុង​ធាទេរ៉ា​ ហើយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់។​ ពេល​គាត់​កំពុង​ស្ដាប់​ ព្រះអម្ចាស់​បាន​បើក​ចិត្ដ​របស់​គាត់​ឲ្យ​យក​ចិត្ដ​ទុកដាក់​នឹង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​កំពុង​និយាយ។​

15. បន្ទាប់ពី​គាត់​ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​ទទូច​សុំ​យើង​ថា៖​ «បើ​ពួក​លោក​យល់​ឃើញ​ថា​ ខ្ញុំ​ពិត​ជា​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​ខ្ញុំ!»​ ហើយ​នាង​បាន​ទទូច​រហូត​ដល់​យើង​ព្រម។​

16. ក្រោយមក​ ពេល​យើង​កំពុង​ចេញ​ទៅ​កន្លែង​អធិស្ឋាន​ មាន​ក្មេង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស​ចេះ​ទាយ​ បាន​មក​ឯ​យើង។​ នាង​រក​កម្រៃ​ឲ្យ​ពួក​ម្ចាស់​នាង​បាន​ច្រើន​ណាស់​ ដោយសារ​ការ​ទាយ​នេះ។​

17. នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​

18. នាង​បាន​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​ ធ្វើ​ឲ្យ​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង​ ក៏​បែរ​ទៅ​បង្គាប់​វិញ្ញាណ​អាក្រក់​នោះ​ថា៖​ «យើង​បង្គាប់​ឯង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ចូរ​ចេញ​ពី​នាង​ទៅ!»​ ពេល​នោះ​ វា​ក៏​ចេញ​ពី​នាង​ភ្លាម​

19. ហើយ​ពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា​ គ្មាន​សង្ឃឹម​រក​កម្រៃ​បាន​ទៀត​ ពួកគេ​ក៏​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ក្នុង​ទី​ប្រជុំជន‍។​

20. កាល​នាំ​ពួកគាត់​ទៅ​ជួប​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​ហើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «អ្នក​ទាំង​នេះ​ជា​ជនជាតិ​យូដា​ ហើយ​ពួកគេ​កំពុង​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង​

21. គឺ​ពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀម​ទម្លាប់​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ជា​ជនជាតិ​រ៉ូម​ទទួល​យក​ ឬ​ធ្វើ​តាម​ឡើយ»​

22. ដូច្នេះ​បណ្ដាជន​ក៏​លើក​គ្នា​ទាស់​នឹង​ពួកគាត់​ ហើយ​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​កន្ដ្រាក់​ហែក​សម្លៀក​បំពាក់​ពួកគាត់​ រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់​

23. ក្រោយពី​វាយ​ជាច្រើន​រំពាត់​មក​ ពួកគេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​គុក​ ទាំង​បញ្ជា​ឲ្យ​ឆ្មាំ​គុក​យាម​ពួកគាត់​យ៉ាង​ប្រុង​ប្រយ័ត្ន។​

សូមអានជំពូកពេញលេញ កិច្ចការ 16