គម្ពីរសញ្ញាថ្មី

កិច្ចការ 15:27-40 Khmer Christian Bible (KCB)

27. ដូច្នេះ​ហើយ​ យើង​បាន​ចាត់​លោក​យូដាស​ និង​លោក​ស៊ីឡាស​ឲ្យ​ទៅ​ ដ្បិត​អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ផ្ទាល់​មាត់​អំពី​សេចក្ដី​ដូចគ្នា​នេះ​

28. ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ព្រមទាំង​យើង​យល់​ឃើញ​ថា​ មិន​គួរ​ដាក់​បន្ទុក​បន្ថែម​លើ​បងប្អូន​ទេ​ លើកលែង​តែ​សេចក្ដី​ចាំបាច់​ទាំង​នេះ​ប៉ុណ្ណោះ​

29. គឺ​ចៀសវាង​ពី​សំណែន​ដែល​បាន​សែន​ដល់​រូបព្រះ​ ពី​ឈាម​ ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ។​ បើ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​បាន​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាន​ប្រសើរ​ហើយ​ សូម​ជម្រាបលា»។​

30. ដូច្នេះ​ កាល​ពួកគេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ​ហើយ​ អ្នក​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្រុង​ឤន់ទីយ៉ូក។​ ពេល​ក្រុមជំនុំ​មក​ជុំ​គ្នា​ហើយ​ ពួកគេ​ក៏​ប្រគល់​សំបុត្រ​នោះ​ឲ្យ​ក្រុមជំនុំ​

31. កាល​បាន​ឤន​សំបុត្រ​នោះ​រួច​ហើយ​ ក្រុមជំនុំ​ក៏​អរសប្បាយ​ចំពោះ​ការ​លើក​ទឹកចិត្ដ​នេះ​

32. រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​

33. បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​

34. ប៉ុន្តែ​លោក​ស៊ីឡាស​យល់​ឃើញ​ថា​ ត្រូវ​ស្នាក់នៅ​ទី​នោះ​បន្ត​ទៀត។​

35. រីឯ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​ស្នាក់នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ទាំង​បង្រៀន​ និង​ប្រកាស​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជាមួយ​អ្នក​ឯទៀត​ជា​ច្រើន​នាក់​ដែរ។​

36. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​និយាយ​ទៅ​លោក​បារណាបាស​ថា៖​ «យើង​ត្រលប់​ទៅ​សួរ​សុខទុក្ខ​ពួក​បងប្អូន​ នៅ​តាម​ក្រុង​ទាំងឡាយ​ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ មើល៍​ តើ​ពួកគេ​យ៉ាងណា​ទៅ​ហើយ»​

37. ពេល​នោះ​លោក​បារណាបាស​ចង់​យក​លោក​យ៉ូហាន​ ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ដែរ​

38. ប៉ុន្ដែ​លោក​ប៉ូល​យល់​ឃើញ​ថា​ មិន​គួរ​យក​ម្នាក់​នេះ​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ពួកគាត់​ កាល​នៅ​ស្រុក​ប៉ាមភីលា​ ហើយ​មិន​បាន​ធ្វើ​ការងារ​ជាមួយ​ពួកគាត់​ទេ។​

39. ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ដូច្នេះ​ ពួកគេ​ក៏​ចែក​ផ្លូវ​គ្នា​ គឺ​លោក​បារណាបាស​បាន​យក​លោក​ម៉ាកុស​ចុះ​សំពៅ​ជាមួយ​ទៅ​កោះ​គីប្រុស​

40. រីឯ​លោក​ប៉ូល​វិញ​ បាន​ជ្រើសរើស​លោក​ស៊ីឡាស​ ហើយ​ចេញ​ដំណើរ​ទៅ​ ដោយ​មាន​ពួក​បងប្អូន​ផ្ទុកផ្ដាក់​គាត់​ទៅ​ក្នុង​ព្រះគុណ​របស់​ព្រះអម្ចាស់​

សូមអានជំពូកពេញលេញ កិច្ចការ 15