គម្ពីរសញ្ញាថ្មី

កិច្ចការ 15:22-34 Khmer Christian Bible (KCB)

22. ពេល​នោះ​ ពួក​សាវក​ និង​ពួក​ចាស់ទុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​មូល​យល់​ឃើញ​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ពី​ក្នុង​ចំណោម​ពួកគេ​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក​ជាមួយ​លោក​ប៉ូល​ និង​លោក​បារណាបាស។​ ពួកគេ​ក៏​ជ្រើសរើស​បាន​លោក​យូដាស​ដែល​ហៅ​ថា​បារសាបាស​ និង​លោក​ស៊ីឡាស​ដែល​ជា​អ្នក​ដឹកនាំ​ក្នុង​ចំណោម​ពួក​បងប្អូន​

23. ហើយ​ពួកគេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នក​ទាំង​ពីរ​ថា៖​ «ពួក​សាវក​ និង​ចាស់ទុំ​ដែល​ជា​បងប្អូន​ សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍​ដទៃ​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​

24. ពេល​យើង​ឮ​ថា​ មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​យើង​ ដែល​យើង​មិន​បាន​អនុញ្ញាត​ ពួកគេ​បាន​ចេញ​ទៅ​រំខាន​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​

25. យើង​ក៏​ព្រមព្រៀង​គ្នា​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ ហើយ​ចាត់​ទៅ‍​ឯ​អ្នក​រាល់គ្នា​ជាមួយ​លោក​បារណាបាស​ និង​លោក​ប៉ូល​ជា​ទី​ស្រឡាញ់​របស់​យើង​

26. ដែល​បាន​ប្រគល់​ជីវិត​របស់​ខ្លួន​សម្រាប់​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង។​

27. ដូច្នេះ​ហើយ​ យើង​បាន​ចាត់​លោក​យូដាស​ និង​លោក​ស៊ីឡាស​ឲ្យ​ទៅ​ ដ្បិត​អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ផ្ទាល់​មាត់​អំពី​សេចក្ដី​ដូចគ្នា​នេះ​

28. ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ព្រមទាំង​យើង​យល់​ឃើញ​ថា​ មិន​គួរ​ដាក់​បន្ទុក​បន្ថែម​លើ​បងប្អូន​ទេ​ លើកលែង​តែ​សេចក្ដី​ចាំបាច់​ទាំង​នេះ​ប៉ុណ្ណោះ​

29. គឺ​ចៀសវាង​ពី​សំណែន​ដែល​បាន​សែន​ដល់​រូបព្រះ​ ពី​ឈាម​ ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ។​ បើ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​បាន​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាន​ប្រសើរ​ហើយ​ សូម​ជម្រាបលា»។​

30. ដូច្នេះ​ កាល​ពួកគេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ​ហើយ​ អ្នក​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្រុង​ឤន់ទីយ៉ូក។​ ពេល​ក្រុមជំនុំ​មក​ជុំ​គ្នា​ហើយ​ ពួកគេ​ក៏​ប្រគល់​សំបុត្រ​នោះ​ឲ្យ​ក្រុមជំនុំ​

31. កាល​បាន​ឤន​សំបុត្រ​នោះ​រួច​ហើយ​ ក្រុមជំនុំ​ក៏​អរសប្បាយ​ចំពោះ​ការ​លើក​ទឹកចិត្ដ​នេះ​

32. រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​

33. បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​

34. ប៉ុន្តែ​លោក​ស៊ីឡាស​យល់​ឃើញ​ថា​ ត្រូវ​ស្នាក់នៅ​ទី​នោះ​បន្ត​ទៀត។​

សូមអានជំពូកពេញលេញ កិច្ចការ 15