គម្ពីរសញ្ញាថ្មី

កិច្ចការ 15:12-21 Khmer Christian Bible (KCB)

12. ពេល​នោះ​មនុស្ស​គ្រប់គ្នា​បាន​ស្ងៀមស្ងាត់​ ហើយ​ស្ដាប់​លោក​បារណាបាស​ និង​លោក​ប៉ូល​រៀបរាប់​អំពី​ទីសំគាល់​ និង​ការ​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​ នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។​

13. ក្រោយពី​អ្នក​ទាំង​ពីរ​នោះ​និយាយ​ចប់​ហើយ​ លោក​យ៉ាកុប​បាន​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ សូម​ស្ដាប់​ខ្ញុំ​

14. លោក​ស៊ីម៉ូន​បាន​ប្រាប់​រួច​ហើយ​អំពី​របៀប​ដែល​តាំង​ពី​ដំបូង​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ជ្រើសរើស​ប្រជារាស្ដ្រ​មួយ​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​

15. រីឯ​ពាក្យ​សំដី​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក៏​យល់​ស្រប​នឹង​ការ​នេះ​ដែរ​ គឺ​ដូច​ដែល​មាន​សេចក្ដី​ចែងទុក​ថា​

16. ក្រោយ​ហេតុការណ៍​ទាំង​នេះ​ យើង​នឹង​ត្រលប់​មក​វិញ​ ហើយ​សង់​រោង​របស់​ស្ដេច​ដាវីឌ​ដែល​បាន​រលំ​នោះ​ឡើង​វិញ។​ យើង​នឹង​សង់​អ្វីៗ​ដែល​ខូចខាត​នៅ​ក្នុង​នោះ​ ហើយ​លើក​រោង​នោះ​ឡើង​វិញ​

17. ដើម្បី​ឲ្យ​មនុស្ស​ដែល​នៅ​សល់​ស្វែងរក​ព្រះអម្ចាស់​ និង​សាសន៍​ដទៃ​ទាំងឡាយ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​សម្រាប់​ឈ្មោះ​របស់​យើង​

18. ព្រះអម្ចាស់​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​តាំង​ពី​ដើម​រៀង​មក​ បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ‍។​

19. ដូច្នេះ​ហើយ​ ខ្ញុំ​យល់​ឃើញ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​អ្នក​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​ ដែល​បាន​បែរ​មក‍​ឯ​ព្រះជាម្ចាស់​ពិបាក​ឡើយ​

20. ផ្ទុយ​ទៅ​វិញ​ ត្រូវ​សរសេរ​ប្រាប់​ពួកគេ​ឲ្យ​ចៀសវាង​ពី​សំណែន​ដែល​ស្មោកគ្រោក​ដោយសារ​រូបព្រះ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ឈាម​

21. ដ្បិត​តាំង​ពី​ជំនាន់​ដើម​ មាន​គេ​ប្រកាស​អំពី​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​នៅ​គ្រប់​ក្រុង​ទាំង​អស់​ ព្រមទាំង​អាន​នៅ​ក្នុង​សាលា​ប្រជុំ​រៀង​រាល់​ថ្ងៃ​សប្ប័ទ‍»។​

សូមអានជំពូកពេញលេញ កិច្ចការ 15