គម្ពីរសញ្ញាថ្មី

កិច្ចការ 15:10-18 Khmer Christian Bible (KCB)

10. ឥឡូវ​នេះ​ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បងល​ព្រះជាម្ចាស់​ដោយ​ដាក់​នឹម​នៅ​ក​របស់​ពួក​សិស្ស​ដូច្នេះ​ ដែល​សូម្បី​តែ​ដូនតា​របស់​យើង​ និង​ខ្លួន​យើង​ផ្ទាល់​ក៏​មិន​អាច​ទ្រាំទ្រ​បាន​ផង?​

11. យើង​ជឿ​ថា​ យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​ដូចជា​ពួកគេ​ដែរ»។​

12. ពេល​នោះ​មនុស្ស​គ្រប់គ្នា​បាន​ស្ងៀមស្ងាត់​ ហើយ​ស្ដាប់​លោក​បារណាបាស​ និង​លោក​ប៉ូល​រៀបរាប់​អំពី​ទីសំគាល់​ និង​ការ​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​ នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។​

13. ក្រោយពី​អ្នក​ទាំង​ពីរ​នោះ​និយាយ​ចប់​ហើយ​ លោក​យ៉ាកុប​បាន​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ សូម​ស្ដាប់​ខ្ញុំ​

14. លោក​ស៊ីម៉ូន​បាន​ប្រាប់​រួច​ហើយ​អំពី​របៀប​ដែល​តាំង​ពី​ដំបូង​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ជ្រើសរើស​ប្រជារាស្ដ្រ​មួយ​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​

15. រីឯ​ពាក្យ​សំដី​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក៏​យល់​ស្រប​នឹង​ការ​នេះ​ដែរ​ គឺ​ដូច​ដែល​មាន​សេចក្ដី​ចែងទុក​ថា​

16. ក្រោយ​ហេតុការណ៍​ទាំង​នេះ​ យើង​នឹង​ត្រលប់​មក​វិញ​ ហើយ​សង់​រោង​របស់​ស្ដេច​ដាវីឌ​ដែល​បាន​រលំ​នោះ​ឡើង​វិញ។​ យើង​នឹង​សង់​អ្វីៗ​ដែល​ខូចខាត​នៅ​ក្នុង​នោះ​ ហើយ​លើក​រោង​នោះ​ឡើង​វិញ​

17. ដើម្បី​ឲ្យ​មនុស្ស​ដែល​នៅ​សល់​ស្វែងរក​ព្រះអម្ចាស់​ និង​សាសន៍​ដទៃ​ទាំងឡាយ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​សម្រាប់​ឈ្មោះ​របស់​យើង​

18. ព្រះអម្ចាស់​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​តាំង​ពី​ដើម​រៀង​មក​ បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ‍។​

សូមអានជំពូកពេញលេញ កិច្ចការ 15