គម្ពីរសញ្ញាថ្មី

កិច្ចការ 14:16-27 Khmer Christian Bible (KCB)

16. កាល​ពី​ជំនាន់​មុន​ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជនជាតិ​ទាំង​អស់​ ទៅ​តាម​ផ្លូវ​របស់​ពួកគេ​រៀងៗ​ខ្លួន​

17. ប៉ុន្ដែ​ព្រះអង្គ​មិន​មែន​មិន​បាន​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​ឡើយ​ គឺ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​ ដោយ​ប្រទាន​ភ្លៀង​ពី​លើ‍​មេឃ​ និង​រដូវ​បង្កើត​ផល​ ព្រមទាំង​ធ្វើ​ឲ្យ​ចិត្ដ​របស់​អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ដោយ​អាហារ​ និង​អំណរ»។​

18. ក្រោយពី​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ពួកគាត់​ក៏​បញ្ឈប់​បណ្ដាជន​មិន​ឲ្យ​ថ្វាយ​យញ្ញបូជា​ដល់​ពួកគាត់​យ៉ាង​ពិបាក។​

19. ពេល​នោះ​ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​ និង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះ​បញ្ចូល​បណ្ដាជន​ ហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។​ បន្ទាប់មក​ពួកគេ​ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង​ ព្រោះ​ស្មាន​ថា​ គាត់​ស្លាប់​ហើយ​

20. ប៉ុន្ដែ​ពេល​ពួក​សិស្ស​មក​ចោមរោម​គាត់​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វិញ។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ចេញ​ដំណើរ​ជាមួយ​លោក​បារណាបាស​ទៅ​ក្រុង​ឌើបេ។​

21. ក្រោយពី​ពួកគាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​នោះ​ និង​បាន​បង្កើត​សិស្ស​ជាច្រើន​រួច​ហើយ​ ពួកគាត់​ក៏​ត្រលប់​ទៅ​ក្រុង​លីស្ដ្រា​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​អាន់ទីយ៉ូក​វិញ​

22. ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​

23. ពេល​ពួកគាត់​បាន​តែងតាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់​ក្រុមជំនុំ​ ព្រមទាំង​អធិស្ឋាន​ដោយ​តម​អាហារ​រួច​ហើយ​ ពួកគាត់​ក៏​ប្រគល់​ពួកគេ​ដល់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។​

24. បន្ទាប់មក​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ពីស៊ីឌា​មក​ដល់​ស្រុក​ប៉ាមភីលា។​

25. ក្រោយពី​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា​រួច​ហើយ​ ពួកគាត់​ក៏​ចុះ​ទៅ​ក្រុង​អាតាលា​

26. បន្ទាប់មក​ពួកគាត់​បាន​ចុះ​សំពៅ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ក្រុង​អាន់ទីយ៉ូក​វិញ​ ជា​កន្លែង​ដែល​គេ​បាន​ប្រគល់​ពួកគាត់​ទៅ​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់​សម្រាប់​កិច្ចការ​ដែល​ពួកគាត់​ទើប​នឹង​សម្រេច​បាន​នេះ។​

27. ពេល​ពួកគាត់​មក​ដល់​ ក៏​ប្រមូល​ក្រុមជំនុំ​មក​ជួបជុំ​គ្នា​ ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកគាត់​ និង​ពី​របៀប​ដែល​ព្រះអង្គ​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​សាសន៍​ដទៃ​

សូមអានជំពូកពេញលេញ កិច្ចការ 14