គម្ពីរសញ្ញាថ្មី

កិច្ចការ 13:42-49 Khmer Christian Bible (KCB)

42. កាល​លោក​ប៉ូល​ និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ​ ពួកគេ​បាន​អង្វរ​ពួកគាត់​ឲ្យ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ប្រាប់​ពួកគេ​នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ​ទៀត។​

43. នៅ​ពេល​ដែល​គេ​រំសាយ​​ការ​ជួប​ប្រជុំ​ នោះ​មាន​ពួក​ជនជាតិ​យូដា​ និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ បាន​ដើរ​តាម​លោក​ប៉ូល​ និង​លោក​បារណាបាស​ អ្នក​ទាំង​ពីរ​បាន​និយាយ​ដាស់តឿន​ពួកគេ​ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់។​

44. លុះ​ដល់​ថ្ងៃ​សប្ប័ទ​ក្រោយ​ អ្នក​ក្រុង​ស្ទើរតែ​ទាំង​អស់​បាន​មក​ជួបជុំ​គ្នា​ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​

45. ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ ទាំង​ប្រមាថ​គាត់​ទៀត​ផង។​

46. ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​

47. ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​យ៉ាង​ដូច្នេះ​ថា​ យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​អ្នក​នាំ​យក​សេចក្ដី​សង្គ្រោះ​ដល់​ចុង​បំផុត​នៃ​ផែនដី‍»។​

48. ពេល​សាសន៍​ដទៃ​ឮ​សេចក្ដី​នេះ​ ក៏​ត្រេកអរ​ ហើយ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ រីឯ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ឲ្យ​មាន​ជីវិត​អស់កល្ប​ក៏​ជឿ​

49. ហើយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ក៏​ឮ​ពាសពេញ​តំបន់​នោះ​ទាំង​មូល​

សូមអានជំពូកពេញលេញ កិច្ចការ 13