40. ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយ គឺថា
41. ឱពួកអ្នកមើលងាយអើយ! ចូរវិនាស ទាំងងឿងឆ្ងល់ចុះ ដ្បិតយើងកំពុងធ្វើការមួយនៅក្នុងជំនាន់អ្នករាល់គ្នា ជាការដែលអ្នករាល់គ្នាមិនជឿឡើយ ទោះបីមានអ្នកណាប្រកាសប្រាប់អ្នករាល់គ្នាក៏ដោយ»។
42. កាលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអង្វរពួកគាត់ឲ្យនិយាយអំពីសេចក្ដីទាំងនេះប្រាប់ពួកគេនៅថ្ងៃសប្ប័ទក្រោយទៀត។
43. នៅពេលដែលគេរំសាយការជួបប្រជុំ នោះមានពួកជនជាតិយូដា និងពួកអ្នកចូលសាសនាយូដាជាច្រើនដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បានដើរតាមលោកប៉ូល និងលោកបារណាបាស អ្នកទាំងពីរបាននិយាយដាស់តឿនពួកគេឲ្យនៅខ្ជាប់ខ្ជួនក្នុងព្រះគុណរបស់ព្រះជាម្ចាស់។
44. លុះដល់ថ្ងៃសប្ប័ទក្រោយ អ្នកក្រុងស្ទើរតែទាំងអស់បានមកជួបជុំគ្នា ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
45. ប៉ុន្ដែពេលពួកជនជាតិយូដាឃើញមនុស្សកុះករដូច្នេះ ពួកគេក៏ពេញដោយសេចក្ដីច្រណែន ហើយនិយាយប្រឆាំងសេចក្ដីទាំងឡាយដែលលោកប៉ូលបាននិយាយ ទាំងប្រមាថគាត់ទៀតផង។
46. ដូច្នេះលោកប៉ូល និងលោកបារណាបាសក៏និយាយយ៉ាងក្លាហានថា៖ «យើងត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នាមុនគេ ប៉ុន្ដែដោយសារអ្នករាល់គ្នាបដិសេធ ហើយយល់ឃើញថា ខ្លួនមិនស័ក្ដិសមទទួលយកជីវិតអស់កល្បជានិច្ច ដូច្នេះ មើល៍ យើងបែរទៅរកសាសន៍ដទៃវិញ
47. ដ្បិតព្រះអម្ចាស់បានបង្គាប់យើងយ៉ាងដូច្នេះថា យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកនាំយកសេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី»។
48. ពេលសាសន៍ដទៃឮសេចក្ដីនេះ ក៏ត្រេកអរ ហើយសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់ រីឯអស់អ្នកដែលព្រះជាម្ចាស់បានកំណត់ឲ្យមានជីវិតអស់កល្បក៏ជឿ
49. ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ឮពាសពេញតំបន់នោះទាំងមូល