គម្ពីរសញ្ញាថ្មី

កិច្ចការ 13:21-33 Khmer Christian Bible (KCB)

21. បន្ទាប់មក​ គេ​បាន​សុំ​ឲ្យ​មាន​ស្ដេច​ ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​សូល​ ជា​កូន​លោក​គីស​មក​ពី​កុល​សម្ព័ន្ធ​បេនយ៉ាមីន​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​សែសិប​ឆ្នាំ។​

22. បន្ទាប់ពី​ព្រះអង្គ​ដក​ស្ដេច​សូល​ចេញ​ ព្រះអង្គ​បាន​លើក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​ ទាំង​មាន​បន្ទូល​សរសើរ​អំពី​ស្ដេច​ដាវីឌ​ថា​ យើង​រក​បាន​ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​ គឺ​ជា​មនុស្ស​គាប់​ចិត្ដ​យើង​ណាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​យើង​ទាំង​អស់។​

23. តាម​រយៈ​ពូជពង្ស​ស្ដេច​នេះ​ហើយ​ ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ព្រះយេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​តាម​សេចក្ដី​សន្យា។​

24. មុន​ពេល​ព្រះអង្គ​យាង​មក​ លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​អំពី​ពិធី​ជ្រមុជទឹក​ ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ត។​

25. កាល​លោក​យ៉ូហាន​កំពុង​បញ្ចប់​ភារកិច្ច​របស់​គាត់​ គាត់​បាន​និយាយ​ថា​ តើ​បងប្អូន​ស្មាន​ថា​ខ្ញុំ​ជា​នរណា?​ ខ្ញុំ​មិន​មែន​ជា​ព្រះអង្គ​នោះ​ទេ​ ប៉ុន្ដែ​មើល៍​ ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ នោះ​ខ្ញុំ​មិន​ស័ក្ដិសម​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង។​

26. ឱ​ បងប្អូន​ជា​កូនចៅ​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ និង​បងប្អូន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ ព្រះអង្គ​បាន​បញ្ជូន​ព្រះបន្ទូល​នៃ​សេចក្ដី​សង្គ្រោះ​នេះ​មក​យើង​ហើយ។​

27. ដ្បិត​ពួក​អ្នក​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ពួក​អ្នក​ដឹកនាំ​របស់​ពួកគេ​មិន​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ​ និង​ពាក្យ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ដែល​បាន​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ​ទេ​ ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំង​នេះ​ដោយ​បាន​ធ្វើ​ទោស​ព្រះយេស៊ូ​

28. ហើយ​ទោះបី​ពួកគេ​រក​ហេតុ​សម្លាប់​ព្រះអង្គ​មិន​បាន​ក៏​ដោយ​ ក៏​ពួកគេ​សុំ​លោក​ពីឡាត់​ឲ្យ​សម្លាប់​ព្រះអង្គ​ដែរ។​

29. កាល​ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយ​ ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង​ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​

30. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​

31. ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ឃើញ​ជាច្រើន​ថ្ងៃ​ គឺ​អ្នក​ទាំង​នេះ​ហើយ​ជា​សាក្សី​របស់​ព្រះអង្គ​ដល់​បណ្ដាជន​នៅ​សព្វ​ថ្ងៃ​នេះ។​

32. ដូច្នេះ​ យើង​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ដូនតា​របស់​យើង​នោះ​

33. ថា​ព្រះជាម្ចាស់​បាន​សម្រេច​សេចក្ដី​សន្យា​នេះ​ដល់​យើង​ ជា​កូនចៅ​របស់​ពួកគាត់​ដោយ​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​ទំនុក​តម្កើង​ជំពូក​ទី​ពីរ​ថា​ អ្នក​ជា​កូន​របស់​យើង​ យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ​

សូមអានជំពូកពេញលេញ កិច្ចការ 13