17. ព្រះរបស់ជនជាតិអ៊ីស្រាអែលនេះបានជ្រើសរើសដូនតារបស់យើង ហើយបានលើកតម្កើងជនជាតិនេះ នៅពេលពួកគេស្នាក់នៅស្រុកអេស៊ីព្ទនៅឡើយ រួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះ ដោយព្រះហស្ដដ៏មានអំណាច។
18. ព្រះអង្គបានទ្រាំទ្រនឹងពួកគេនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ
19. ហើយក្រោយពីបានបំផ្លាញជនជាតិទាំងប្រាំពីរក្នុងស្រុកកាណានរួច ព្រះអង្គក៏ប្រគល់ស្រុកនោះដល់ពួកគេទុកជាមរតក។
20. ហេតុការណ៍ទាំងនោះបានកើតឡើងប្រហែលបួនរយហាសិបឆ្នាំ។ ក្រោយមកព្រះអង្គបានប្រទានពួកចៅហ្វាយដល់ពួកគេរហូតដល់ជំនាន់លោកសាំយូអែល ដែលជាអ្នកនាំព្រះបន្ទូល។
21. បន្ទាប់មក គេបានសុំឲ្យមានស្ដេច ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានសូល ជាកូនលោកគីសមកពីកុលសម្ព័ន្ធបេនយ៉ាមីនឲ្យធ្វើជាស្ដេចរបស់ពួកគេសែសិបឆ្នាំ។
22. បន្ទាប់ពីព្រះអង្គដកស្ដេចសូលចេញ ព្រះអង្គបានលើកដាវីឌឲ្យធ្វើជាស្ដេចរបស់ពួកគេ ទាំងមានបន្ទូលសរសើរអំពីស្ដេចដាវីឌថា យើងរកបានដាវីឌជាកូនរបស់អ៊ីសាយ គឺជាមនុស្សគាប់ចិត្ដយើងណាស់ ហើយធ្វើតាមបំណងរបស់យើងទាំងអស់។
23. តាមរយៈពូជពង្សស្ដេចនេះហើយ ដែលព្រះអម្ចាស់បានបញ្ជូនព្រះយេស៊ូជាព្រះអង្គសង្គ្រោះឲ្យជនជាតិអ៊ីស្រាអែលតាមសេចក្ដីសន្យា។
24. មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់អំពីពិធីជ្រមុជទឹក ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ត។
25. កាលលោកយ៉ូហានកំពុងបញ្ចប់ភារកិច្ចរបស់គាត់ គាត់បាននិយាយថា តើបងប្អូនស្មានថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ ប៉ុន្ដែមើល៍ ព្រះអង្គដែលយាងមកក្រោយខ្ញុំ នោះខ្ញុំមិនស័ក្ដិសមស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង។
26. ឱ បងប្អូនជាកូនចៅពូជពង្សរបស់លោកអ័ប្រាហាំ និងបងប្អូននៅក្នុងចំណោមពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានបញ្ជូនព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះមកយើងហើយ។
27. ដ្បិតពួកអ្នករស់នៅក្នុងក្រុងយេរូសាឡិម និងពួកអ្នកដឹកនាំរបស់ពួកគេមិនបានទទួលស្គាល់ព្រះយេស៊ូ និងពាក្យរបស់ពួកអ្នកនាំព្រះបន្ទូល ដែលបានអានរៀងរាល់ថ្ងៃសប្ប័ទទេ ពួកគេបានសម្រេចសេចក្ដីទាំងនេះដោយបានធ្វើទោសព្រះយេស៊ូ
28. ហើយទោះបីពួកគេរកហេតុសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏ពួកគេសុំលោកពីឡាត់ឲ្យសម្លាប់ព្រះអង្គដែរ។
29. កាលពួកគេបានសម្រេចសេចក្ដីទាំងឡាយ ដែលបានចែងទុកអំពីព្រះអង្គរួចហើយ ពួកគេក៏ដាក់ព្រះអង្គចុះពីលើឈើឆ្កាង ហើយបញ្ចុះនៅក្នុងផ្នូរ