គម្ពីរសញ្ញាថ្មី

កិច្ចការ 13:10-19 Khmer Christian Bible (KCB)

10. រួច​និយាយ​ថា៖​ «នែ​ កូន​អារក្ស​សាតាំង​ដែល​ពេញ​ដោយ​សេចក្ដី​បោកប្រាស់​ និង​ល្បិចកល​គ្រប់​បែប​យ៉ាង​ និង​ជា​សត្រូវ​នៃ​សេចក្ដី​សុចរិត​ទាំង​ឡាយ​អើយ!​ តើ​អ្នក​មិន​ព្រម​ឈប់​បង្វែរ​ផ្លូវ​ទៀងត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ?​

11. មើល៍​ ឥឡូវ​នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន​ទាស់​នឹង​អ្នក​ ហើយ​អ្នក​នឹង​ត្រូវ​ខ្វាក់​មួយ​រយៈ​ មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ»​ ស្រាប់តែ​អ្នក​នោះ​ចាប់ផ្ដើម​ព្រិល​ភ្នែក​ ហើយ​ងងឹត​មើល​លែង​ឃើញ​ រួច​ដើរ​រាវរក​គេ​ឲ្យ​នាំ​ផ្លូវ​គាត់។​

12. ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ លោក​អភិបាល​ក៏​ជឿ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់។​

13. លោក​ប៉ូល​ និង​គូកន​របស់​គាត់​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ប៉ាផុស​មក​ដល់​ក្រុង​ពើកា​ ក្នុង​ស្រុក​ប៉ាមភីលា។​ នៅ​ពេល​នោះ​លោក​យ៉ូហាន​បាន​ចាកចេញ​ពី​ពួកគាត់​ ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​

14. ប៉ុន្ដែ​ពួកគាត់​បាន​ធ្វើ​ដំណើរ​បន្ដ​ពី​ក្រុង​ពើកា​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា​ រួច​ពួក​គាត់​បាន​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ។​

15. បន្ទាប់​ពី​អាន​គម្ពីរ​វិន័យ​ និង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​រួច​ហើយ​ ប្រធាន​សាលា​ប្រជុំ​បាន​ចាត់​គេ​ឲ្យ​ប្រាប់​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «បងប្អូន​អើយ!​ បើ​បងប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹកចិត្ដ​ប្រជាជន​ សូម​និយាយ​មក​ចុះ»។​

16. ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឡើង​ ទាំង​លើក​ដៃ​ជា​សញ្ញា​ ហើយ​និយាយ​ថា៖​ «ឱ​ជនជាតិ​អ៊ីស្រាអែល​ និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ សូម​ស្ដាប់​ចុះ!​

17. ព្រះ​របស់​ជនជាតិ​អ៊ីស្រាអែល​នេះ​បាន​ជ្រើសរើស​ដូនតា​របស់​យើង​ ហើយ​បាន​លើក​តម្កើង​ជនជាតិ​នេះ​ នៅ​ពេល​ពួកគេ​ស្នាក់នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ​ រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុក​នោះ​ ដោយ​ព្រះហស្ដ​ដ៏​មាន​អំណាច។​

18. ព្រះអង្គ​បាន​ទ្រាំទ្រ​នឹង​ពួកគេ​នៅ​ទីរហោឋាន​អស់​រយៈពេល​សែសិប​ឆ្នាំ​

19. ហើយ​ក្រោយពី​បាន​បំផ្លាញ​ជនជាតិ​ទាំង​ប្រាំពីរ​ក្នុង​ស្រុក​កាណាន​រួច​ ព្រះអង្គ​ក៏​ប្រគល់​ស្រុក​នោះ​ដល់​ពួកគេ​ទុក​ជា​មរតក។​

សូមអានជំពូកពេញលេញ កិច្ចការ 13