គម្ពីរសញ្ញាថ្មី

កិច្ចការ 12:5-12 Khmer Christian Bible (KCB)

5. ដូច្នេះ​ គេ​ក៏​ឃុំ​លោក​ពេត្រុស​ទុក​នៅ​ក្នុង​គុក​ ប៉ុន្ដែ​ក្រុមជំនុំ​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ដ​ដល់​ព្រះជាម្ចាស់​សម្រាប់​គាត់។​

6. នៅ​យប់​ដែល​ស្ដេច​ហេរ៉ូឌ​ហៀប​នឹង​នាំ​លោក​ពេត្រុស​ចេញ​មក​ គឺ​នៅ​ពេល​ដែល​គាត់​កំពុង​ដេក​លក់​នៅ​ចន្លោះ​ទាហាន​ពីរ​នាក់​ ទាំង​មាន​ច្រវាក់​ពីរ​ខ្សែ​ចង​ជាប់​ ហើយ​ពួក​អ្នកយាម​កំពុង​យាម​នៅ​មាត់​ទ្វារ​គុក​

7. ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចូល​មក​ជិត​ ហើយ​ពន្លឺ​បាន​ចែងចាំង​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ ទេវតា​នោះ​បាន​អង្រួន​លោក​ពេត្រុស​ពី​ចំហៀង​ឲ្យ​គាត់​ភ្ញាក់​ឡើង​ដោយ​និយាយ​ថា៖​ «ចូរ​ក្រោក​ឡើង​ជា​ប្រញាប់!»​ ពេល​នោះ​ច្រវាក់​បាន​របូត​ចេញ​ពី​ដៃ​របស់​គាត់។​

8. ទេវតា​នោះ​ប្រាប់​លោក​ពេត្រុស​ថា៖​ «ចូរ​ក្រវាត់​ចង្កេះ​ ហើយ​ពាក់​ស្បែក​ជើង​ទៅ»​ គាត់​ក៏​ធ្វើ​តាម​ រួច​ទេវតា​នោះ​ក៏​ប្រាប់​គាត់​ទៀត​ថា៖​ «ចូរ​ពាក់​អាវ​ ហើយ​មក​តាម​ខ្ញុំ​ចុះ»​

9. ដូច្នេះ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​ដើរ​តាម​ទេវតា​នោះ​ ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា​ ហេតុការណ៍​ដែល​កំពុង​កើតឡើង​តាមរយៈ​ទេវតា​នេះ​ គឺ​ជា​ការ​ពិត​ទេ​ ព្រោះ​គាត់​ស្មាន​ថា​គាត់​ឃើញ​ក្នុង​សុបិន​និមិត្ដ។​

10. ពេល​ឆ្លង​កាត់​កន្លែង​យាម​ទី​មួយ​ និង​កន្លែង​យាម​ទី​ពីរ​រួច​ហើយ​ ពួកគេ​ក៏​មក​ដល់​ទ្វារ​ដែក​ឆ្ពោះ​ទៅ​ក្រុង​ ដែល​បាន​បើក​ដោយ​ឯងៗ​សម្រាប់​ពួកគេ។​ ដូច្នេះ​ ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បន្ដ​ដំណើរ​តាម​ផ្លូវ​មួយ​ រីឯ​ទេវតា​ក៏​ចាកចេញ​ពី​គាត់​ភ្លាម​ទៅ។​

11. ពេល​លោក​ពេត្រុស​ដឹង​ខ្លួន​ គាត់​ក៏​និយាយ​ថា‍៖​ «ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ប្រាកដ​ថា​ ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​មក​ ហើយ​រំដោះ​ខ្ញុំ​ពី​ដៃ​របស់​ស្ដេច​ហេរ៉ូឌ​ និង​ពី​ការ​ប៉ុនប៉ង​ទាំង​ឡាយ​របស់​ជនជាតិ​យូដា»។​

12. ក្រោយ​ពី​យល់​ហេតុការណ៍​នេះ​ហើយ​ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។​

សូមអានជំពូកពេញលេញ កិច្ចការ 12