4. ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួច ក៏យកទៅដាក់គុក ហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាម គឺមួយក្រុមមានគ្នាបួននាក់ ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្ដាជនក្រោយពីបុណ្យរំលង
5. ដូច្នេះ គេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុក ប៉ុន្ដែក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់។
6. នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក
7. ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានចូលមកជិត ហើយពន្លឺបានចែងចាំងនៅក្នុងបន្ទប់ឃុំឃាំង ទេវតានោះបានអង្រួនលោកពេត្រុសពីចំហៀងឲ្យគាត់ភ្ញាក់ឡើងដោយនិយាយថា៖ «ចូរក្រោកឡើងជាប្រញាប់!» ពេលនោះច្រវាក់បានរបូតចេញពីដៃរបស់គាត់។
8. ទេវតានោះប្រាប់លោកពេត្រុសថា៖ «ចូរក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ» គាត់ក៏ធ្វើតាម រួចទេវតានោះក៏ប្រាប់គាត់ទៀតថា៖ «ចូរពាក់អាវ ហើយមកតាមខ្ញុំចុះ»
9. ដូច្នេះ គាត់ក៏ចេញទៅ ហើយដើរតាមទេវតានោះ ប៉ុន្ដែគាត់មិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងតាមរយៈទេវតានេះ គឺជាការពិតទេ ព្រោះគាត់ស្មានថាគាត់ឃើញក្នុងសុបិននិមិត្ដ។
10. ពេលឆ្លងកាត់កន្លែងយាមទីមួយ និងកន្លែងយាមទីពីររួចហើយ ពួកគេក៏មកដល់ទ្វារដែកឆ្ពោះទៅក្រុង ដែលបានបើកដោយឯងៗសម្រាប់ពួកគេ។ ដូច្នេះ ពួកគេក៏ចេញទៅ ហើយបន្ដដំណើរតាមផ្លូវមួយ រីឯទេវតាក៏ចាកចេញពីគាត់ភ្លាមទៅ។
11. ពេលលោកពេត្រុសដឹងខ្លួន គាត់ក៏និយាយថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គឲ្យមក ហើយរំដោះខ្ញុំពីដៃរបស់ស្ដេចហេរ៉ូឌ និងពីការប៉ុនប៉ងទាំងឡាយរបស់ជនជាតិយូដា»។
12. ក្រោយពីយល់ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
13. ពេលលោកពេត្រុសគោះទ្វារនៅច្រកចូល ក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដា បានចូលទៅជិតដើម្បីស្ដាប់
14. ក្រោយពីស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរណាស់ នាងមិនបានបើកទ្វារទេ បែរជារត់ទៅក្នុងប្រាប់គេថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។
15. ពួកគេប្រាប់នាងថា៖ «អ្នករវើរវាយហើយ!» ប៉ុន្ដែនាងនៅតែអះអាងបែបដូច្នេះ។ ពួកគេក៏ប្រាប់នាងទៀតថា៖ «នោះជាទេវតារបស់គាត់ទេ»
16. រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារ ដូច្នេះពួកគេក៏បើកទ្វារ ហើយកាលបានឃើញគាត់ ពួកគេងឿងឆ្ងល់ណាស់។
17. ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។
18. លុះភ្លឺឡើង មានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហានអំពីការបាត់ខ្លួនរបស់លោកពេត្រុស