12. ក្រោយពីយល់ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
13. ពេលលោកពេត្រុសគោះទ្វារនៅច្រកចូល ក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដា បានចូលទៅជិតដើម្បីស្ដាប់
14. ក្រោយពីស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរណាស់ នាងមិនបានបើកទ្វារទេ បែរជារត់ទៅក្នុងប្រាប់គេថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។
15. ពួកគេប្រាប់នាងថា៖ «អ្នករវើរវាយហើយ!» ប៉ុន្ដែនាងនៅតែអះអាងបែបដូច្នេះ។ ពួកគេក៏ប្រាប់នាងទៀតថា៖ «នោះជាទេវតារបស់គាត់ទេ»
16. រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារ ដូច្នេះពួកគេក៏បើកទ្វារ ហើយកាលបានឃើញគាត់ ពួកគេងឿងឆ្ងល់ណាស់។
17. ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។
18. លុះភ្លឺឡើង មានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហានអំពីការបាត់ខ្លួនរបស់លោកពេត្រុស
19. កាលស្ដេចហេរ៉ូឌតាមរកលោកពេត្រុសមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម រួចបញ្ជាឲ្យគេយកពួកអ្នកយាមទៅសម្លាប់ចោល បន្ទាប់មក ស្ដេចក៏ចាកចេញពីស្រុកយូដាទៅក្រុងសេសារា ហើយស្នាក់នៅទីនោះ។
20. នៅគ្រានោះ ស្ដេចហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងប្រជាជនក្រុងស៊ីដូនយ៉ាងខ្លាំង ដូច្នេះ អ្នកទាំងនោះបានព្រមព្រៀងគ្នាមកជួបស្ដេច ក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុសជាមន្ដ្រីរក្សាដំណាក់ស្ដេចរួចមក។ ពួកគេបានសុំឲ្យមានសន្ដិភាព ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។
21. កាលដល់ថ្ងៃកំណត់ហើយ ស្ដេចហេរ៉ូឌក៏ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្ក ហើយប្រកាសទៅពួកគេ