1. ឯពួកសាវក និងពួកបងប្អូន ដែលរស់នៅពាសពេញស្រុកយូដាបានឮថា សាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ
2. ដូច្នេះពេលលោកពេត្រុសឡើងទៅក្រុងយេរូសាឡិមវិញ នោះអស់អ្នកក្នុងចំណោមពួកអ្នកកាត់ស្បែកក៏មកជំទាស់នឹងគាត់
3. ថា៖ «អ្នកបានទៅជួបពួកអ្នកមិនកាត់ស្បែក ហើយបានបរិភោគជាមួយពួកគេទៀត!»
4. លោកពេត្រុសក៏ចាប់ផ្ដើមពន្យល់ប្រាប់ពួកគេតាមលំដាប់លំដោយថា៖
5. «កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងក្រុងយ៉ុបប៉េ នោះខ្ញុំបានលង់នៅក្នុងសុបិននិមិត្ដ ក៏ឃើញវត្ថុម្យ៉ាង ដូចជាកម្រាលមួយផ្ទាំងយ៉ាងធំ មានចងជ្រុងទាំងបួន ដែលបានសម្រូតចុះពីលើមេឃមកឯខ្ញុំ
6. ពេលខ្ញុំសម្លឹងសង្កេតមើល ខ្ញុំបានឃើញសត្វជើងបួន សត្វព្រៃ និងសត្វលូនវារនៅលើផែនដី ព្រមទាំងសត្វហើរលើអាកាស។
7. ពេលនោះ ខ្ញុំបានឮសំឡេងមួយនិយាយមកខ្ញុំថា ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!
8. ប៉ុន្ដែខ្ញុំបានឆ្លើយថា ទេ ព្រះអម្ចាស់អើយ! ដ្បិតមិនដែលមានអ្វីមិនបរិសុទ្ធ ឬមិនស្អាតចូលក្នុងមាត់របស់ខ្ញុំឡើយ
9. សំឡេងនោះបានឆ្លើយពីលើមេឃជាលើកទីពីរទៀតថា អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ។