គម្ពីរសញ្ញាថ្មី

កិច្ចការ 11:1-10 Khmer Christian Bible (KCB)

1. ឯ​ពួក​សាវក​ និង​ពួក​បងប្អូន​ ដែល​រស់នៅ​ពាសពេញ​ស្រុក​យូដា​បាន​ឮ​ថា​ សាសន៍​ដទៃ​ក៏​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ​

2. ដូច្នេះ​ពេល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូសាឡិម​វិញ​ នោះ​អស់​អ្នក​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​ក៏​មក​ជំទាស់​នឹង​គាត់​

3. ថា៖​ «អ្នក​បាន​ទៅ​ជួប​ពួក​អ្នក​មិន​កាត់ស្បែក​ ហើយ​បាន​បរិភោគ​ជាមួយ​ពួកគេ​ទៀត‍!‍»​

4. លោក​ពេត្រុស​ក៏​ចាប់ផ្ដើម​ពន្យល់​ប្រាប់​ពួកគេ​តាម​លំដាប់​លំដោយ​ថា៖​

5. «កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ នោះ​ខ្ញុំ​បាន​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​ ក៏​ឃើញ​វត្ថុ​ម្យ៉ាង​ ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ មាន​ចង​ជ្រុង​ទាំង​បួន​ ដែល​បាន​សម្រូត​ចុះ​ពី​លើ​មេឃ​មក‍​ឯ​ខ្ញុំ​

6. ពេល​ខ្ញុំ​សម្លឹង​សង្កេត​មើល​ ខ្ញុំ​បាន​ឃើញ​សត្វ​ជើង​បួន​ សត្វ​ព្រៃ​ និង​សត្វ​លូន​វារ​នៅ​លើ​ផែនដី​ ព្រមទាំង​សត្វ​ហើរ​លើ​អាកាស។​

7. ពេល​នោះ​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​ ពេត្រុស​អើយ!​ ចូរ​ក្រោក​ឡើង​ ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ!​

8. ប៉ុន្ដែ​ខ្ញុំ​បាន​ឆ្លើយ​ថា​ ទេ​ ព្រះអម្ចាស់​អើយ!​ ដ្បិត​មិន​ដែល​មាន​អ្វី​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ចូល​ក្នុង​មាត់​របស់​ខ្ញុំ​ឡើយ​

9. សំឡេង​នោះ​បាន​ឆ្លើយ​ពី​លើ​មេឃ​ជា​លើក​ទី​ពីរ​ទៀត​ថា​ អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​ អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ។​

10. ហេតុការណ៍​នេះ​បាន​កើតឡើង​បី​ដង​ រួច​អ្វីៗ​ទាំង​នោះ​ត្រូវ​បាន​ទាញ​ទៅ​លើ​មេឃ​វិញ​

សូមអានជំពូកពេញលេញ កិច្ចការ 11