គម្ពីរសញ្ញាថ្មី

កិច្ចការ 10:31-40 Khmer Christian Bible (KCB)

31. ហើយ​និយាយ​មក​ខ្ញុំ​ថា​ កូនេលាស​អើយ!​ ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ ក៏​បាន​នឹកចាំ​ការ​ដាក់​ទាន​របស់​អ្នក​ដែរ​

32. ដូច្នេះ​ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​ ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ។​

33. ដូច្នេះ​ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម​ ហើយ​ជា​ការ​ប្រសើរ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។​ ឥឡូវ​នេះ​ យើង​ទាំង​អស់​គ្នា​កំពុង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ដើម្បី​ស្ដាប់​សេចក្ដី​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។​

34. លោក​ពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖​ «ឥឡូវ​នេះ​ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​

35. គឺ​នៅ​ក្នុង​ចំណោម​ជនជាតិ​ទាំង​អស់​ អ្នកណា​ក៏​ដោយ​ដែល​កោតខ្លាច​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ ព្រះអង្គ​ទទួល​យក​អ្នក​នោះ។​

36. អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​កូនចៅ​អ៊ីស្រាអែល​ បាន​ប្រកាស​ប្រាប់​អំពី​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ដ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ជា​ព្រះអម្ចាស់​លើ​ទាំង​អស់​

37. គឺ​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ ចាប់​តាំង​ពី​ស្រុក​កាលីឡេ​ទៅ​ គឺ​នៅ​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​អំពី​ពិធី​ជ្រមុជទឹក​

38. គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​

39. រីឯ​យើង​ គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ទាំង​នៅ​ក្នុង​ស្រុក​របស់​ជនជាតិ​យូដា​ និង​ក្នុង​ក្រុង​យេរូសាឡិម។​ ពួកគេ​បាន​សម្លាប់​ព្រះអង្គ​ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។​

40. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​ ព្រមទាំង​ប្រោស​ប្រទាន​ឲ្យ​គេ​មើល​ឃើញ​ព្រះអង្គ​

សូមអានជំពូកពេញលេញ កិច្ចការ 10