គម្ពីរសញ្ញាថ្មី

កិច្ចការ 10:25-44 Khmer Christian Bible (KCB)

25. ពេល​លោក​ពេត្រុស​មក​ដល់​ លោក​កូនេលាស​ក៏​ចេញ​មក​ទទួល​ ទាំង​ក្រាប​ថ្វាយបង្គំ​នៅ​ទៀប​ជើង​របស់​គាត់។​

26. ប៉ុន្ដែ​លោក​ពេត្រុស​លើក​គាត់​ឡើង​ ទាំង​ប្រាប់​ថា៖​ «ចូរ​ក្រោក​ឡើង!​ ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»​

27. រួច​គាត់​ក៏​ចូល​ទៅ​ក្នុង​បណ្ដើរ​និយាយ​ជាមួយ​លោក​កូនេលាស​បណ្ដើរ​ ហើយ​ក៏​ឃើញ​មនុស្ស​ជាច្រើន​បាន​ជួបជុំ​គ្នា​ជា​ស្រេច។​

28. ពេល​នោះ​ លោក​ពេត្រុស​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ ក្រឹត្យវិន័យ​ហាម​មិន​ឲ្យ​ជនជាតិ​យូដា​សេពគប់​ ឬ​សួរ​សុខទុក្ខ​សាសន៍​ដទៃ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា​ មិន​ត្រូវ​ថា​អ្នកណា​ម្នាក់​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ។​

29. ហេតុនេះ​បាន​ជា​ពេល​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​ ខ្ញុំ​ក៏​មក​ដោយ​ឥត​ប្រកែក​ ដូច្នេះ​ខ្ញុំ​សូម​សួរ​អ្នក​រាល់គ្នា​ថា​ តើ​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​ដែរ‍?»​

30. លោក​កូនេលាស​ក៏​ប្រាប់​ថា៖​ «កាល​ពី​បួន​ថ្ងៃ​មុន​ ម៉ោង​ប្រហែល​ថ្មើរ​នេះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​បី​រសៀល​ ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ភ្លឺ​ចិញ្ចាច​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​

31. ហើយ​និយាយ​មក​ខ្ញុំ​ថា​ កូនេលាស​អើយ!​ ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ ក៏​បាន​នឹកចាំ​ការ​ដាក់​ទាន​របស់​អ្នក​ដែរ​

32. ដូច្នេះ​ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​ ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ។​

33. ដូច្នេះ​ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម​ ហើយ​ជា​ការ​ប្រសើរ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។​ ឥឡូវ​នេះ​ យើង​ទាំង​អស់​គ្នា​កំពុង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ដើម្បី​ស្ដាប់​សេចក្ដី​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។​

34. លោក​ពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖​ «ឥឡូវ​នេះ​ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​

35. គឺ​នៅ​ក្នុង​ចំណោម​ជនជាតិ​ទាំង​អស់​ អ្នកណា​ក៏​ដោយ​ដែល​កោតខ្លាច​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ ព្រះអង្គ​ទទួល​យក​អ្នក​នោះ។​

36. អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​កូនចៅ​អ៊ីស្រាអែល​ បាន​ប្រកាស​ប្រាប់​អំពី​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ដ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ជា​ព្រះអម្ចាស់​លើ​ទាំង​អស់​

37. គឺ​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ ចាប់​តាំង​ពី​ស្រុក​កាលីឡេ​ទៅ​ គឺ​នៅ​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​អំពី​ពិធី​ជ្រមុជទឹក​

38. គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​

39. រីឯ​យើង​ គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ទាំង​នៅ​ក្នុង​ស្រុក​របស់​ជនជាតិ​យូដា​ និង​ក្នុង​ក្រុង​យេរូសាឡិម។​ ពួកគេ​បាន​សម្លាប់​ព្រះអង្គ​ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។​

40. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​ ព្រមទាំង​ប្រោស​ប្រទាន​ឲ្យ​គេ​មើល​ឃើញ​ព្រះអង្គ​

41. មិន​មែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ​ គឺ​សម្រាប់​តែ​ពួក​សាក្សី​ ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ជាមុន​ប៉ុណ្ណោះ​ នោះ​គឺ​យើង​នេះ​ហើយ​ដែល​បាន​បរិភោគ​ និង​បាន​ផឹក​ជាមួយ​ព្រះអង្គ​ក្រោយ​ពេល​ព្រះអង្គ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ។​

42. ព្រះអង្គ​បាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​មនុស្ស​ និង​ឲ្យ​ធ្វើ​ទីបន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​

43. អ្នក​នាំ​ព្រះបន្ទូល​ទាំងអស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​នេះ​ថា​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​បាប»។​

44. ពេល​លោក​ពេត្រុស​កំពុង​និយាយ​អំពី​សេចក្ដី​ទាំងនេះ​នៅ​ឡើយ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​មក​សណ្ឋិត​លើ​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​

សូមអានជំពូកពេញលេញ កិច្ចការ 10