គម្ពីរសញ្ញាថ្មី

កិច្ចការ 10:20-31 Khmer Christian Bible (KCB)

20. ដូច្នេះ​ ចូរ​ក្រោក​ឡើង​ ចុះ​ទៅ​ក្រោម​ ហើយ​ទៅ​ជាមួយ​ពួកគេ​ចុះ​ កុំ​រារែក​ឡើយ​ ព្រោះ​យើង​បាន​ចាត់​ពួកគេ​ឲ្យ​មក»។​

21. លោក​ពេត្រុស​ក៏​ចុះ​មក​ជួប​អ្នក​ទាំង​នោះ​ ហើយ​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់គ្នា​កំពុង​ស្វែងរក​ តើ​អ្នក​រាល់គ្នា​មក​នេះ​មាន​ការ​អ្វី?»​

22. ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​

23. ពេល​នោះ​ លោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ និង​បាន​ឲ្យ​ពួកគេ​សម្រាក។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​

24. នៅ​ថ្ងៃ​បន្ទាប់​ ពួកគេ​ក៏​ចូល​មក​ដល់​ក្រុង​សេសារា។​ រីឯ​លោក​កូនេលាស​វិញ​ បាន​រង់ចាំ​ពួកគេ​ដោយ​បាន​ហៅ​សាច់ញាតិ​ និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នា​រួច​ជា​ស្រេច។​

25. ពេល​លោក​ពេត្រុស​មក​ដល់​ លោក​កូនេលាស​ក៏​ចេញ​មក​ទទួល​ ទាំង​ក្រាប​ថ្វាយបង្គំ​នៅ​ទៀប​ជើង​របស់​គាត់។​

26. ប៉ុន្ដែ​លោក​ពេត្រុស​លើក​គាត់​ឡើង​ ទាំង​ប្រាប់​ថា៖​ «ចូរ​ក្រោក​ឡើង!​ ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»​

27. រួច​គាត់​ក៏​ចូល​ទៅ​ក្នុង​បណ្ដើរ​និយាយ​ជាមួយ​លោក​កូនេលាស​បណ្ដើរ​ ហើយ​ក៏​ឃើញ​មនុស្ស​ជាច្រើន​បាន​ជួបជុំ​គ្នា​ជា​ស្រេច។​

28. ពេល​នោះ​ លោក​ពេត្រុស​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ ក្រឹត្យវិន័យ​ហាម​មិន​ឲ្យ​ជនជាតិ​យូដា​សេពគប់​ ឬ​សួរ​សុខទុក្ខ​សាសន៍​ដទៃ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា​ មិន​ត្រូវ​ថា​អ្នកណា​ម្នាក់​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ។​

29. ហេតុនេះ​បាន​ជា​ពេល​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​ ខ្ញុំ​ក៏​មក​ដោយ​ឥត​ប្រកែក​ ដូច្នេះ​ខ្ញុំ​សូម​សួរ​អ្នក​រាល់គ្នា​ថា​ តើ​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​ដែរ‍?»​

30. លោក​កូនេលាស​ក៏​ប្រាប់​ថា៖​ «កាល​ពី​បួន​ថ្ងៃ​មុន​ ម៉ោង​ប្រហែល​ថ្មើរ​នេះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​បី​រសៀល​ ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ភ្លឺ​ចិញ្ចាច​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​

31. ហើយ​និយាយ​មក​ខ្ញុំ​ថា​ កូនេលាស​អើយ!​ ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ ក៏​បាន​នឹកចាំ​ការ​ដាក់​ទាន​របស់​អ្នក​ដែរ​

សូមអានជំពូកពេញលេញ កិច្ចការ 10