គម្ពីរសញ្ញាថ្មី

កិច្ចការ 1:8-20 Khmer Christian Bible (KCB)

8. ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​អំណាច​ នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ និង​ស្រុក​យូដា​ទាំង​មូល​ និង​ស្រុក​សាម៉ារី​ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។​

9. កាល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​ ហើយ​ពេល​ពួកគេ​កំពុង​សម្លឹង​មើល​ ក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះអង្គ​ចេញ​ពី​ភ្នែក​របស់​ពួកគេ។​

10. ពេល​ពួកគេ​កំពុង​សម្លឹង​មើល​មេឃ​នៅ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ នោះ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស​ឈរ​នៅ​ក្បែរ​ពួកគេ​

11. ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​

12. បន្ទាប់មក​ ពួកគេ​ក៏​ត្រលប់​ពី​ភ្នំ​ដើម​អូលីវ​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ភ្នំ​នោះ​នៅ​ជិត​ក្រុង​យេរូសាឡិម​ គឺ​មាន​ចម្ងាយ​ដើរ​អស់​មួយ​ថ្ងៃ​សប្ប័ទ។​

13. ពេល​ចូល​ដល់​ក្នុង​ក្រុង​ហើយ​ ពួកគេ​ក៏​ឡើង​ទៅ​បន្ទប់​ជាន់​លើ​ ជា​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ។​ ពួកគេ​ទាំងនោះ​មាន​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ លោក​អនទ្រេ​ លោក​ភីលីព​ លោក​ថូម៉ាស​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​យ៉ាកុប​ ត្រូវ​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​ និង​លោក​យូដាស​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។​

14. ពួក​អ្នក​ទាំងអស់​នេះ​ព្រមព្រៀង​គ្នា​បន្ដ​អធិស្ឋាន​ជាមួយ​នាង​ម៉ារា​ត្រូវ​ជា​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូនៗ​របស់​ព្រះអង្គ​ ព្រម​ទាំង​ស្ដ្រី​ឯ​ទៀតៗ​ដែរ។​

15. នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖

16. «បងប្អូន​អើយ!​ បទគម្ពីរ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ទុក​តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​អំពី​យូដាស​ ដែល​ត្រលប់​ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ​នោះ​ត្រូវតែ​បាន​សម្រេច។​

17. ព្រោះ​គាត់​ក៏​ត្រូវ​បាន​រាប់​ជា​គ្នា​យើង​ ហើយ​បាន​ទទួល​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ។​

18. បន្ទាប់មក​ អ្នក​នេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញ​ដី​ស្រែ​មួយ​កន្លែង​ ហើយ​ក៏​ដួល​ផ្កាប់​មុខ​ ធ្លាយ​ពោះ​ ចេញ​ពោះវៀន​មក​ក្រៅ​ទាំងអស់​

19. ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ដឹង​រឿង​នេះ​គ្រប់​គ្នា​ ដូច្នេះ​ពួកគេ​ក៏​ហៅ​ដី​នោះ​ជា​ភាសា​របស់​ពួកគេ​ផ្ទាល់​ថា​ អាកិលដាម៉ា​ ដែល​មាន​ន័យ​ថា​ «ស្រែ​ឈាម»។​

20. សេចក្ដី​នេះ​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា៖​ «ចូរ​ឲ្យ​លំនៅ​របស់វា​ត្រលប់ជាទី​សោះកក្រោះ ហើយ​កុំឲ្យ​​មាន​មនុស្ស​ណា​ម្នាក់​រស់នៅ​ទីនោះ​» និង«​ចូរ​ឲ្យ​អ្នក​ផ្សេង​ទៀត​ទទួល​យក​កិច្ចការ​របស់​វា​ចុះ»​

សូមអានជំពូកពេញលេញ កិច្ចការ 1