គម្ពីរសញ្ញាថ្មី

កាឡាទី 6:8-17 Khmer Christian Bible (KCB)

8. ដ្បិត​អ្នក​ដែល​ព្រោះ​ខាង​សាច់ឈាម​របស់​ខ្លួន​ អ្នក​នោះ​នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់ឈាម​ រីឯ​អ្នក​ដែល​ព្រោះ​ខាង​ព្រះវិញ្ញាណ​ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់កល្ប​ជានិច្ច​ពី​ព្រះវិញ្ញាណ​

9. ចូរ​យើង​កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​ល្អ​ឡើយ​ ព្រោះ​បើ​យើង​មិន​ល្វើយ​ទេ​ ដល់​វេលា​កំណត់​ យើង​នឹង​ច្រូត​បាន​ផល។​

10. ហេតុ​នេះ​ កាល​ណា​យើង​មាន​ឱកាស​ យើង​ត្រូវ​ប្រព្រឹត្ដ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ ជា​ពិសេស​ចំពោះ​បងប្អូន​រួម​ជំនឿ។​

11. មើល៍​ ខ្ញុំ​សរសេរ​អក្សរ​ធំៗ​មក​អ្នក​រាល់គ្នា​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា​

12. អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់ឈាម​ អ្នក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ត្រូវ​បៀតបៀន​ដោយ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ​

13. ដ្បិត​ពួកអ្នក​កាត់ស្បែក​ ខ្លួន​គេ​ផ្ទាល់​មិន​កាន់​តាម​គម្ពីរ​វិន័យ​ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​ឲ្យ​ពួកគេ​បាន​អួត​ខ្លួន​ដោយសារ​សាច់ឈាម​របស់​អ្នក​រាល់គ្នា។​

14. រីឯ​ខ្ញុំ​វិញ​ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​អំពី​អ្វី​ឡើយ​ ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ហើយ​ដោយសារ​ឈើ​ឆ្កាង​ សម្រាប់​ខ្ញុំ​ លោកិយ​ត្រូវ​បាន​ឆ្កាង​ហើយ​ រួច​សម្រាប់​លោកិយ​ ខ្ញុំ​ក៏​ដូច្នោះ​ដែរ​

15. ដ្បិត​ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​មិន​មែន​ជា​អ្វី​ឡើយ​ សំខាន់​គឺ​ការ​កើត​ជា​ថ្មី។​

16. សូម​ឲ្យ​សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​មេត្តា​ករុណា​មាន​ដល់​អស់​អ្នក​ដែល​រស់នៅ​តាម​គោលការណ៍​នេះ​ ព្រមទាំង​ជនជាតិ​អ៊ីស្រាអែល​របស់​ព្រះជាម្ចាស់។​

17. ចាប់​ពី​ពេល​នេះ‍​ត​ទៅ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​បង្ក​បញ្ហា​ឲ្យ​ខ្ញុំ​ទៀត​ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម​របស់​ព្រះយេស៊ូ​លើ​រូបកាយ​របស់​ខ្ញុំ​ស្រាប់​ហើយ‍។​

សូមអានជំពូកពេញលេញ កាឡាទី 6