គម្ពីរសញ្ញាថ្មី

កាឡាទី 5:7-18 Khmer Christian Bible (KCB)

7. អ្នក​រាល់គ្នា​រត់​បាន​ល្អ​ហើយ​ តើ​អ្នកណា​រារាំង​អ្នក​រាល់គ្នា​មិន​ឲ្យ​ស្តាប់​បង្គាប់​សេចក្ដី​ពិត?​

8. ការ​បញ្ចុះ​បញ្ចូល​បែប​នេះ​ មិន​មែន​មក​ពី​ព្រះ​មួយ​អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ទេ។​

9. មេ​នំប៉័ង​បន្តិច​បន្តួច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង។​

10. នៅ​ក្នុង​ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ជាក់​ថា​ អ្នក​រាល់គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ​ ប៉ុន្ដែ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ទោះបី​អ្នក​នោះ​ជា​នរណា​ក៏​ដោយ​ គេ​នឹង​ទទួល​ទោស។​

11. បងប្អូន​អើយ!​ បើ​ខ្ញុំ​នៅ​តែ​ប្រកាស​អំពី​ការ​កាត់ស្បែក​ តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​តែ​ត្រូវ​គេ​បៀតបៀន​ដូច្នេះ?​ បើ​ខ្ញុំ​ប្រកាស​ដូច្នោះ​មែន​ នោះ​ឈើ​ឆ្កាង​លែង​ធ្វើ​ឲ្យ​មាន​ការ​ជំពប់​ដួល​ទៀត​ហើយ។​

12. ខ្ញុំ​ចង់​ឲ្យ​ពួកអ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ក្រៀវ​ខ្លួន​ឯង​ទៅ។​

13. បងប្អូន​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​មាន​សេរីភាព​ ប៉ុន្ដែ​កុំ​ប្រើ​សេរីភាព​នោះទុក​ជា​ឱកាស​ដល់​សាច់ឈាម​ឡើយ ផ្ទុយ​ទៅ​វិញ​ ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​ចុះ​

14. ដ្បិត​គម្ពីរ​វិន័យ​ទាំង​មូល​បាន​សម្រេច​នៅ​ក្នុង​មួយ​ឃ្លា​នេះ​ថា៖​ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង»​

15. ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ប្រខាំ​គ្នា​ ហើយ​បំផ្លាញ​គ្នា​ដូច្នេះ​ ចូរ​ប្រយ័ត្ន​ ក្រែង​លោ​អ្នក​រាល់គ្នា​ត្រូវ​វិនាស​ដោយសារ​គ្នា​ឯង។​

16. ដូច្នេះ​ ខ្ញុំ​សូម​ប្រាប់​ថា​ ចូរ​ដើរ​តាម​ព្រះវិញ្ញាណ​ចុះ​ នោះ​អ្នក​មិន​ធ្វើ​តាម​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ​

17. ដ្បិត​សាច់ឈាម​ប៉ង​ប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ​ រីឯ​ព្រះវិញ្ញាណ​ក៏​ទាស់​នឹង​សាច់ឈាម​ដែរ​ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា​ ដូច្នេះ​ អ្នក​រាល់គ្នា​មិន​ធ្វើ​អ្វី​ដែល​អ្នក​រាល់គ្នា​ចង់​ទេ​

18. ប៉ុន្ដែ​បើ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ទេ។​

សូមអានជំពូកពេញលេញ កាឡាទី 5