គម្ពីរសញ្ញាថ្មី

កាឡាទី 4:5-18 Khmer Christian Bible (KCB)

5. ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​គម្ពីរ​វិន័យ​ឲ្យ​រួច​ និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ឋានៈ​ជា​កូន​

6. ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ជា​កូន​ នោះ​ព្រះជាម្ចាស់​បញ្ជូន​វិញ្ញាណ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​គង់​នៅ​ក្នុង​ចិត្ត​យើង​ គឺ​វិញ្ញាណ​នេះ​ហើយ​ដែល​បន្លឺ​សំឡេង​ថា​ អ័ប្បា!​ ព្រះវរបិតា​អើយ!​

7. ដូច្នេះ​ អ្នក​រាល់គ្នា​មិន​មែន​ជា​បាវបម្រើ​ទៀត​ទេ​ ប៉ុន្តែ​ជា​កូន​វិញ​ ហើយ​បើ​អ្នក​រាល់គ្នា​ជា​កូន​ អ្នក​រាល់គ្នា​ក៏​ជា​អ្នក​ស្នង​មរតក​ដោយសារ​ព្រះជាម្ចាស់​ដែរ។​

8. កាល​អ្នក​រាល់គ្នា​មិន​ទាន់​ស្គាល់​ព្រះជាម្ចាស់​នៅ​ឡើយ ​អ្នក​រាល់គ្នា​បាន​បម្រើ​ព្រះ​ទាំងឡាយ​ដែល​មិន​មែន​ជា​ព្រះ​ដ៏​ពិត​

9. ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ហើយ​ តែ​ស៊ូ​និយាយ​ថា​ព្រះជាម្ចាស់​បាន​ស្គាល់​អ្នក​រាល់គ្នា​វិញ​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ត្រលប់​ទៅ​ឯ​គោលការណ៍​បឋម​ដ៏​ទន់​ខ្សោយ​ និង​គ្មាន​តម្លៃ​ម្តង​ទៀត​ដូច្នេះ‍?​ តើ​អ្នក​រាល់គ្នា​ចង់​បម្រើ​អ្វីៗ​ទាំង​នោះ​សាថ្មី​ទៀត‍​ឬ‍?​

10. អ្នក​រាល់គ្នា​ប្រតិបត្តិ​តាម​ថ្ងៃ​ ខែ​ រដូវ​ និង​ឆ្នាំ។​

11. ចំពោះ​អ្នក​រាល់គ្នា​ ខ្ញុំ​ខ្លាច​តែ​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​សម្រាប់​អ្នក​រាល់គ្នា​ឥត​ប្រយោជន៍។​

12. បងប្អូន​អើយ!​ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ដូច​ជា​ខ្ញុំ​ ដ្បិត​ខ្ញុំ​ក៏​បាន​ត្រលប់​ដូច​ជា​អ្នក​រាល់គ្នា​ដែរ‍។​ អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​ខុស​នឹង​ខ្ញុំ​ទេ​

13. អ្នក​រាល់គ្នា​ដឹង​ថា​ កាល​ពី​មុន​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់គ្នា​ដោយ​ភាព​កម្សោយ​ខាង​ឯ​សាច់ឈាម​របស់​ខ្ញុំ​

14. ហើយ​ទោះបី​មាន​សេចក្ដី​ល្បួង​ចំពោះ​អ្នក​រាល់គ្នា​ដោយសារ​សាច់ឈាម​របស់​ខ្ញុំ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​មិន​បាន​មើល​ងាយ​ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូច​ជា​ទេវតា​របស់​ព្រះជាម្ចាស់​ ឬ​ដូច​ជា​ព្រះគ្រិស្ដ​យេស៊ូ។​

15. ដូច្នេះ​ តើ​អំណរ​ដែល​អ្នក​រាល់គ្នា​មាន​ពី​មុន​នោះ​ នៅ​ឯ​ណា?​ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​អ្នក​រាល់គ្នា​ថា​ បើ​អាច​ធ្វើ​បាន​ អ្នក​រាល់គ្នា​នឹង​ខ្វេះ​ភ្នែក​ឲ្យ​ខ្ញុំ​ហើយ។​

16. ដូច្នេះ​ តើ​ខ្ញុំ​ត្រលប់​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?​

17. ពួកគេ​សង្វាត​ចង់​បាន​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​បំណង​ល្អ​ទេ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​ចង់​បំបែក​អ្នក​រាល់គ្នា​ចេញ​ពី​យើង​ ដើម្បី​ឲ្យអ្នក​រាល់គ្នា​សង្វាត​ចង់​បាន​ពួកគេ​វិញ។​

18. ល្អ​ហើយ​ ដែល​សង្វាត​ចង់​បាន​ការ​ល្អ​ជានិច្ច​ មិន​មែន​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ប៉ុណ្ណោះ‍​ទេ‍។​

សូមអានជំពូកពេញលេញ កាឡាទី 4