គម្ពីរសញ្ញាថ្មី

កាឡាទី 4:14-25 Khmer Christian Bible (KCB)

14. ហើយ​ទោះបី​មាន​សេចក្ដី​ល្បួង​ចំពោះ​អ្នក​រាល់គ្នា​ដោយសារ​សាច់ឈាម​របស់​ខ្ញុំ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​មិន​បាន​មើល​ងាយ​ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូច​ជា​ទេវតា​របស់​ព្រះជាម្ចាស់​ ឬ​ដូច​ជា​ព្រះគ្រិស្ដ​យេស៊ូ។​

15. ដូច្នេះ​ តើ​អំណរ​ដែល​អ្នក​រាល់គ្នា​មាន​ពី​មុន​នោះ​ នៅ​ឯ​ណា?​ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​អ្នក​រាល់គ្នា​ថា​ បើ​អាច​ធ្វើ​បាន​ អ្នក​រាល់គ្នា​នឹង​ខ្វេះ​ភ្នែក​ឲ្យ​ខ្ញុំ​ហើយ។​

16. ដូច្នេះ​ តើ​ខ្ញុំ​ត្រលប់​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?​

17. ពួកគេ​សង្វាត​ចង់​បាន​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​បំណង​ល្អ​ទេ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​ចង់​បំបែក​អ្នក​រាល់គ្នា​ចេញ​ពី​យើង​ ដើម្បី​ឲ្យអ្នក​រាល់គ្នា​សង្វាត​ចង់​បាន​ពួកគេ​វិញ។​

18. ល្អ​ហើយ​ ដែល​សង្វាត​ចង់​បាន​ការ​ល្អ​ជានិច្ច​ មិន​មែន​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ប៉ុណ្ណោះ‍​ទេ‍។​

19. កូន​រាល់​គ្នា​អើយ!​ ដើម្បី​អ្នក​រាល់គ្នា ខ្ញុំ​ឈឺចាប់​ម្តង​ទៀត​ដូច​គេ​សម្រាល​កូន​ ទម្រាំ​ព្រះគ្រិស្ដ​មាន​រូបរាង​នៅ​ក្នុង​អ្នក​រាល់គ្នា។​

20. ខ្ញុំ​ចង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​នា​ពេល​ឥឡូវ​នេះ​ និង​ផ្លាស់​ប្ដូរ​សំដី​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់គ្នា​ហើយ។​

21. ឱ​ ពួកអ្នក​ចង់​នៅ​ក្រោម​ក្រឹត្យវិន័យ​អើយ!​ សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​រាល់គ្នា​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ចែង​ទេ​ឬ?​

22. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ លោក​អ័ប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់​ គឺ​ម្នាក់​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​ ហើយ​ម្នាក់​ទៀត​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​

23. ប៉ុន្ដែ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​បាន​កើត​តាម​សាច់ឈាម​ រីឯ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​បាន​កើត​តាម​សេចក្ដី​សន្យា។​

24. នេះ​ជា​ការ​ប្រៀបធៀប​ គឺ​ស្រ្តី​ទាំង​ពីរ​នាក់​នេះ​ជា​កិច្ច​ព្រមព្រៀង​ពីរ​ មួយ​មក​ពី​ភ្នំ​ស៊ីណាយ​ដែល​បាន​បង្កើត​កូន​សម្រាប់​ភាព​ជា​បាវបម្រើ‍​ នោះ​ជា​នាង​ហាការ។​

25. នាង​ហាការ​ជា​ភ្នំ​ស៊ីណាយ​នៅ​ស្រុក​អារ៉ាប់​ ក៏​ដូច​ជា​ក្រុង​យេរូសាឡិម​នា​សព្វ​ថ្ងៃ​នេះ​ដែរ​ ព្រោះ​នាង​ត្រូវ​នៅ​ជា​បាវបម្រើ​ជាមួយ​កូន​ចៅ​របស់​នាង​

សូមអានជំពូកពេញលេញ កាឡាទី 4