គម្ពីរសញ្ញាថ្មី

កាឡាទី 3:8-18 Khmer Christian Bible (KCB)

8. ហើយ​បទ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា​ ព្រះជាម្ចាស់​នឹង​រាប់​ជនជាតិ​ទាំងឡាយ​ជា​សុចរិត​ដោយសារ​ជំនឿ​ ដូច្នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​ប្រកាស​ប្រាប់​លោក​អ័ប្រាហាំ​ជា​មុន​ថា៖​ «ជនជាតិ​ទាំងអស់​នឹង​ទទួល​ពរ​តាមរយៈ​អ្នក»។​

9. ដូច្នេះ​ ពួកអ្នក​ដែល​មាន​ជំនឿ​ក៏​ទទួល​ព្រះពរ​ជាមួយ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នក​មាន​ជំនឿ​ដែរ។​

10. រី‍ឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ នោះ​ត្រូវ​បណ្តាសា​ហើយ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យ​ប្រព្រឹត្ដ​តាម»។​

11. ដូច្នេះ​ ច្បាស់​ជា​គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ដោយសារ​គម្ពីរ​វិន័យ​ឡើយ​ ព្រោះ​មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ​

12. រីឯ​គម្ពីរ​វិន័យ​មិន​ពឹងផ្អែក​លើ​ជំនឿ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង‍។​

13. មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​

14. ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រាហាំ​មាន​ដល់​ពួក​សាសន៍​ដទៃ​ដោយសារ​ព្រះគ្រិស្ដ​យេស៊ូ​ និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ ដែល​ជា​សេចក្ដី​សន្យា​តាមរយៈ​ជំនឿ។​

15. បងប្អូន​អើយ!​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​ថា​ សូម្បី​តែ​កិច្ច​ព្រមព្រៀង​របស់​មនុស្ស​ បើ​គេ​ព្រមព្រៀង​គ្នា​ហើយ​ គ្មាន​អ្នកណា​ម្នាក់​អាច​លុប​ចោល​ ឬ​បន្ថែម​បាន​ឡើយ។​

16. រីឯ​សេចក្ដី​សន្យា​ទាំងឡាយ​នោះ​ត្រូវ​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ និង​ពូជពង្ស​របស់​គាត់​ប៉ុណ្ណោះ​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​ទាំងឡាយ»​ ដែល​សំដៅ​លើ​ចំនួន​ច្រើន​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​របស់​អ្នក»​ ដែល​សំដៅ​លើ​ចំនួន​តែ​មួយ​ គឺ​ជា​ព្រះគ្រិស្ដ​

17. ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅ​បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មិន​អាច​លុប​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​កាល​ពី​មុន​បាន​ឡើយ​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​ប្រយោជន៍​បាន​ដែរ​

18. ព្រោះ​បើ​មរតក​ពឹង​ផ្អែក​លើ​ក្រឹត្យវិន័យ​ នោះ​លែង​ពឹង​ផ្អែក​លើ​សេចក្ដី​សន្យា​ទៀត​ហើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​លោក​អ័ប្រាហាំ​តាមរយៈ​សេចក្ដី​សន្យា។​

សូមអានជំពូកពេញលេញ កាឡាទី 3