គម្ពីរសញ្ញាថ្មី

កាឡាទី 3:19-29 Khmer Christian Bible (KCB)

19. ដូច្នេះ​ ហេតុអ្វី​បាន​ជា​មាន​គម្ពីរ​វិន័យ?​ គម្ពីរ​វិន័យ​ត្រូវ​បាន​បន្ថែម​មក​ដោយ​ព្រោះ​ការ​ល្មើស​ រហូត​ទាល់​តែ​ពូជពង្យ​ដែល​បាន​សន្យា​នោះ​មក​ដល់​ ហើយ‍​គម្ពីរ​វិន័យ​ត្រូវ​បាន​បង្គាប់​មក​តាមរយៈ​ពួក​ទេវតា​ដោយ​ដៃ​របស់​អ្នក​សម្រុះ​សម្រួល​ម្នាក់។​

20. អ្នក​សម្រុះ​សម្រួល​មិន​មែន​សម្រាប់​ភាគី​តែ​ម្ខាង​ឡើយ​ ប៉ុន្តែ​ព្រះជាម្ចាស់​គឺ​មួយ​អង្គ​ប៉ុណ្ណោះ។​

21. ដូច្នេះ​ តើ​គម្ពីរ​វិន័យ​ទាស់​នឹង​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ឬ?​ ទេ​ មិន​មែន​ទេ!​ ដ្បិត​បើ​ក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​មក​អាច​ផ្ដល់​ជីវិត​បាន​ នោះ​សេចក្ដី​សុចរិត​នឹង​មក​តាមរយៈ​ក្រឹត្យវិន័យ​យ៉ាង​ពិត​ប្រាកដ​

22. តែ​បទ​គម្ពីរ​បាន​បង្ខាំង​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាប​ ដើម្បី​ឲ្យ​សេចក្ដី​សន្យា​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រទាន​មក​ដល់​ពួកអ្នក​ដែល​ជឿ​

23. ប៉ុន្តែ​មុន​ពេល​ជំនឿ​មក​ដល់​ យើង​ត្រូវ​បាន​ឃុំ​ទុក​នៅ​ក្រោម​ក្រឹត្យវិន័យ​ គឺ​ត្រូវ​បាន​បង្ខាំង​រហូត​ដល់​ជំនឿ​ដែល​នឹង​មក​ត្រូវ​បើក​សំដែង។​

24. ដូច្នេះ​ គម្ពីរ​វិន័យ​ជា​អ្នក​មើល​ថែ​យើង​ដែល​នាំ​យើង​ទៅ‍​ឯ​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​

25. ប៉ុន្ដែ​ពេល​ជំនឿ​មក​ដល់​ហើយ​ នោះ​យើង​មិន​ស្ថិត​ក្រោម​អ្នក​មើល​ថែ​ទៀត​ឡើយ​

26. ព្រោះ​អ្នក​ទាំង​អស់​គ្នា​ជា​កូន​របស់​ព្រះជាម្ចាស់​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​

27. ដ្បិត​អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះគ្រិស្ដ​ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះគ្រិស្ដ​ហើយ។​

28. ដូច្នេះ​ ដោយ​ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ត្រលប់​ជា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ នោះ​គ្មាន​ជនជាតិ​យូដា​ គ្មាន​ជនជាតិ​ក្រេក​ គ្មាន​បាវបម្រើ​ គ្មាន​អ្នក​មាន​សេរីភាព​ ហើយ​ក៏​គ្មាន​ប្រុស​ គ្មាន​ស្រី​ទៀត​ដែរ​

29. បើ​អ្នក​រាល់គ្នា​ជា​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​ ហើយ​ជា​អ្នក​ស្នង​មរតក​តាម​សេចក្ដី​សន្យា​ទៀត​ផង។​

សូមអានជំពូកពេញលេញ កាឡាទី 3