18. ព្រោះបើមរតកពឹងផ្អែកលើក្រឹត្យវិន័យ នោះលែងពឹងផ្អែកលើសេចក្ដីសន្យាទៀតហើយ ប៉ុន្ដែព្រះជាម្ចាស់បានប្រទានដល់លោកអ័ប្រាហាំតាមរយៈសេចក្ដីសន្យា។
19. ដូច្នេះ ហេតុអ្វីបានជាមានគម្ពីរវិន័យ? គម្ពីរវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតទាល់តែពូជពង្យដែលបានសន្យានោះមកដល់ ហើយគម្ពីរវិន័យត្រូវបានបង្គាប់មកតាមរយៈពួកទេវតាដោយដៃរបស់អ្នកសម្រុះសម្រួលម្នាក់។
20. អ្នកសម្រុះសម្រួលមិនមែនសម្រាប់ភាគីតែម្ខាងឡើយ ប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គប៉ុណ្ណោះ។
21. ដូច្នេះ តើគម្ពីរវិន័យទាស់នឹងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឬ? ទេ មិនមែនទេ! ដ្បិតបើក្រឹត្យវិន័យដែលបានប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតនឹងមកតាមរយៈក្រឹត្យវិន័យយ៉ាងពិតប្រាកដ
22. តែបទគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យាតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្ដបានប្រទានមកដល់ពួកអ្នកដែលជឿ
23. ប៉ុន្តែមុនពេលជំនឿមកដល់ យើងត្រូវបានឃុំទុកនៅក្រោមក្រឹត្យវិន័យ គឺត្រូវបានបង្ខាំងរហូតដល់ជំនឿដែលនឹងមកត្រូវបើកសំដែង។
24. ដូច្នេះ គម្ពីរវិន័យជាអ្នកមើលថែយើងដែលនាំយើងទៅឯព្រះគ្រិស្ដ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ