9. ហើយពេលបានទទួលស្គាល់ព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថាជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។
10. ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។
11. ប៉ុន្ដែកាលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបន្ទោសគាត់នៅចំពោះមុខ ព្រោះគាត់សមនឹងបន្ទោស
12. ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ
13. រីឯជនជាតិយូដាផ្សេងទៀតក៏បានធ្វើពុតជាមួយគាត់ដែរ សូម្បីតែលោកបារណាបាសក៏ត្រូវអូសទាញដោយពុតត្បុតរបស់ពួកគេដែរ។
14. ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន?
15. យើងជាជនជាតិយូដាពីកំណើត យើងមិនមែនជាមនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ
16. យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដ មិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យឡើយ
17. ប៉ុន្ដែបើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្តជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។