គម្ពីរសញ្ញាថ្មី

កាឡាទី 2:8-15 Khmer Christian Bible (KCB)

8. ដ្បិត​ព្រះអង្គ​ដែល​ធ្វើ​ការ​តាមរយៈ​លោក​ពេត្រុស​នៅ​ក្នុង​តួនាទី​ជា​សាវក​សម្រាប់​ពួក​កាត់ស្បែក​ ក៏​បាន​ធ្វើ​ការ​តាមរយៈ​ខ្ញុំ​សម្រាប់​ពួក​សាសន៍​ដទៃ​ដែរ​

9. ហើយ​ពេល​បាន​ទទួល​ស្គាល់​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​រួច​ហើយ​ លោក​យ៉ាកុប​ លោក​កេផាស​ និង​លោក​យ៉ូហាន​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរ​ទ្រូង​បាន​លូក​ដៃ​ស្ដាំ​នៃ​ការ​ប្រកប​គ្នា​ទទួល​ខ្ញុំ​ និង​លោក​បារណាបាស​ ដើម្បី​ឲ្យ​យើង​ទៅ‍​ឯ​ពួក​សាសន៍​ដទៃ​ រីឯ​ពួកគេ​ទៅ​ឯ​ពួកអ្នក​កាត់ស្បែក​វិញ។​

10. ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​ពី​អ្នក​ក្រ​ នោះ​ហើយ​ជា​កិច្ចការ​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ដែរ។​

11. ប៉ុន្ដែ​កាល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ ខ្ញុំ​បន្ទោស​គាត់​នៅ​ចំពោះ​មុខ​ ព្រោះ​គាត់​សម​នឹង​បន្ទោស​

12. ដ្បិត​មុន​ពេល​ពួកអ្នក​ខ្លះដែល​មក​ពីលោក​យ៉ាកុប​បាន​មក​ដល់​ គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​ ប៉ុន្ដែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់​ គាត់​បែរ​ជា​ដក​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ ព្រោះ​ខ្លាច​ពួកអ្នក​កាត់ស្បែក​ទាំង​នោះ​

13. រីឯ​ជនជាតិ​យូដា​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​ពុត​ជាមួយ​គាត់​ដែរ​ សូម្បី​តែ​លោក​បារណាបាស​ក៏​ត្រូវ​អូសទាញ​ដោយ​ពុតត្បុត​របស់​ពួកគេ​ដែរ។​

14. ដូច្នេះ​ ពេល​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ដើរ​មិន​ត្រឹមត្រូវ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​ចំពោះ​មុខ​ពួកគេ​ទាំង​អស់​គ្នា​ថា​ បើ​លោក​ដែល​ជា​ជនជាតិ​យូដា​មិន​រស់នៅ​ដូច​ជនជាតិ​យូដា​ផង​ បែរ​ជា​រស់នៅ​ដូច​សាសន៍​ដទៃ​ តើ​លោក​បង្ខំ​សាសន៍​ដទៃ​ឲ្យ​រស់នៅ​ដូច​ជនជាតិ​យូដា​យ៉ាង​ដូច​ម្ដេច​បាន?​

15. យើង​ជា​ជនជាតិ​យូដា​ពី​កំណើត​ យើង​មិន​មែន​ជា​មនុស្ស​បាប​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ទេ​

សូមអានជំពូកពេញលេញ កាឡាទី 2