5. ប៉ុន្ដែយើងមិនព្រមចុះចូលនឹងពួកគេទេ សូម្បីតែបន្ដិច ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អបាននៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា។
6. រីឯពួកអ្នកដែលទំនងជាពួកអ្នកមុខអ្នកការវិញ ទោះបីគេធ្លាប់ជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះជាម្ចាស់មិនរើសមុខមនុស្សណាឡើយ ហើយពួកអ្នកដែលទំនងជាអ្នកមុខអ្នកការក៏មិនបានបន្ថែមអ្វីឲ្យខ្ញុំដែរ
7. ផ្ទុយទៅវិញ ពួកគេបានដឹងថា ដំណឹងល្អសម្រាប់ពួកមិនកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ដូចដែលដំណឹងល្អសម្រាប់ពួកកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់លោកពេត្រុសដែរ
8. ដ្បិតព្រះអង្គដែលធ្វើការតាមរយៈលោកពេត្រុសនៅក្នុងតួនាទីជាសាវកសម្រាប់ពួកកាត់ស្បែក ក៏បានធ្វើការតាមរយៈខ្ញុំសម្រាប់ពួកសាសន៍ដទៃដែរ
9. ហើយពេលបានទទួលស្គាល់ព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថាជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។
10. ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។
11. ប៉ុន្ដែកាលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបន្ទោសគាត់នៅចំពោះមុខ ព្រោះគាត់សមនឹងបន្ទោស
12. ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ
13. រីឯជនជាតិយូដាផ្សេងទៀតក៏បានធ្វើពុតជាមួយគាត់ដែរ សូម្បីតែលោកបារណាបាសក៏ត្រូវអូសទាញដោយពុតត្បុតរបស់ពួកគេដែរ។
14. ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន?
15. យើងជាជនជាតិយូដាពីកំណើត យើងមិនមែនជាមនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ
16. យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដ មិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យឡើយ
17. ប៉ុន្ដែបើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្តជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។
18. បើខ្ញុំសង់អ្វីដែលខ្ញុំបានបំផ្លាញចោលឡើងវិញ នោះបង្ហាញឲ្យឃើញថា ខ្លួនខ្ញុំជាអ្នកល្មើសក្រឹត្យវិន័យហើយ
19. ដ្បិតខ្ញុំបានស្លាប់ខាងឯគម្ពីរវិន័យដោយសារគម្ពីរវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះជាម្ចាស់វិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ដហើយ
20. ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ
21. ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍!