គម្ពីរសញ្ញាថ្មី

កាឡាទី 1:5-14 Khmer Christian Bible (KCB)

5. សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​

6. ខ្ញុំ​ឆ្ងល់​ណាស់​ ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​យ៉ាង​ឆាប់​រហ័ស​ពី​ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​ព្រះគុណ​របស់​ព្រះគ្រិស្ដ​ដូច្នេះ​ ហើយ​ទៅ​ឯ‍​ដំណឹង​ល្អ​ផ្សេង​ទៀត​

7. ដែល​មិន​មែន​ជា​ដំណឹង​ល្អ​មួយ​ទៀត​នោះ​ទេ​ គឺ​គ្រាន់តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។​

8. ប៉ុន្ដែ​ទោះបី​យើង​ក៏​ដោយ​ ឬ​ទេវតា​មក​ពី​ស្ថានសួគ៌​ក៏​ដោយ​ ឲ្យ​តែ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់គ្នា​ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ។​

9. ដូច​ដែល​យើង​បាន​ប្រាប់​រួច​មក​ហើយ​ តែ​ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រាប់​ម្តង​ទៀត​ថា​ បើ​អ្នកណា​ប្រកាស​ដំណឹង​ល្អ​ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ។​

10. ដ្បិត​ឥឡូវ​នេះ​ តើ​ខ្ញុំ​កំពុង​បំពេញ​ចិត្ដ​មនុស្ស​ ឬ​ព្រះជាម្ចាស់?​ តើ​ខ្ញុំ​ខិតខំ​ផ្គាប់​ចិត្ដ​មនុស្ស​ឬ?​ បើ​ខ្ញុំ​នៅ​តែ​ផ្គាប់​ចិត្ត​មនុស្ស​ នោះ​ខ្ញុំ​មិន​មែន​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​ទេ។​

11. បងប្អូន​អើយ!​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ថា​ ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នេះ​មិន​មែន​ស្រប​តាម​មនុស្ស​ទេ​

12. ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ល្អ​ពី​មនុស្ស​ណា​ម្នាក់​ ហើយ​គ្មាន​អ្នកណា​ម្នាក់​បង្រៀន​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅ​វិញ​ គឺ​តាមរយៈ​ការ​បើក​សំដែង​ពី​ព្រះយេស៊ូ​គ្រិស្ដ។​

13. អ្នក​រាល់គ្នា‍​បាន​ឮ​អំពី​កិរិយា​របស់​ខ្ញុំ​ កាល​នៅ​ក្នុង​សាសនា​យូដា​រួច​មក​ហើយ​ គឺ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​ខ្លាំង​បំផុត​ ទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀត​ផង។​

14. ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​

សូមអានជំពូកពេញលេញ កាឡាទី 1