គម្ពីរសញ្ញាថ្មី

កាឡាទី 1:13-20 Khmer Christian Bible (KCB)

13. អ្នក​រាល់គ្នា‍​បាន​ឮ​អំពី​កិរិយា​របស់​ខ្ញុំ​ កាល​នៅ​ក្នុង​សាសនា​យូដា​រួច​មក​ហើយ​ គឺ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​ខ្លាំង​បំផុត​ ទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀត​ផង។​

14. ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​

15. ប៉ុន្ដែ​ពេល​ព្រះជាម្ចាស់​ដែល​បាន​ញែក​ខ្ញុំ​ទុក​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​ បាន​ត្រាស់​ហៅ​ខ្ញុំ​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​ និង​បាន​សព្វ​ព្រះហឫទ័យ​

16. បើក​សំដែង​ឲ្យ​ខ្ញុំ​បាន​ឃើញ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​នោះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ហើយ​ភ្លាម​នោះ​ ខ្ញុំ​មិន​បាន​ប្រឹក្សា​ជាមួយ​មនុស្ស​ណា​ឡើយ​

17. ហើយ​ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួកអ្នក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ​ គឺ​ខ្ញុំ​បាន​ចេញ​ទៅ​ស្រុក​អារ៉ាប់​ ហើយ​ត្រលប់​មក​ឯ​ក្រុង​ដាម៉ាស់​វិញ។​

18. បី​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ស្គាល់​លោក​កេផាស​ ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​

19. ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ជួប​ពួក​សាវក​ឯ​ទៀត​ទេ​ លើក​លែង​តែ​លោក​យ៉ាកុប​ជា​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។​

20. សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ មើល៍​ នៅ​ចំពោះ​ព្រះជាម្ចាស់​ ខ្ញុំ​មិន​កុហក​ទេ។​

សូមអានជំពូកពេញលេញ កាឡាទី 1