11. ឯម៉ារា នាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ
12. ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល ១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ
13. ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ
14. នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ
15. ព្រះយេស៊ូវមានព្រះបន្ទូលថា នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា ឯនាង ក៏ស្មានថាជាអ្នកថែច្បារ ទើបនិយាយទៅថា លោកនាយអើយ បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ
16. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ម៉ារាអើយ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ
17. ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ
18. នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនេះមកនាង។