1. កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ
2. នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា
3. បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
4. ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាក៏ដឹង ហើយក៏ស្គាល់ផ្លូវទៅដែរ
5. ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន
6. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ
7. បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង
8. ភីលីពទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ
9. ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ
10. តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ
11. ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ
12. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា
13. ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រា
14. បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។
15. បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ